ភ្នំពេញ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយលក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។
ការហាមឃាត់ការចែកចាយ និងលក់ឱសថ MOLAZ (Molnupiravir Capsules 200mg) ខុសច្បាប់។
ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ មានគណនីបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ ១. Nuon Sreyleak, ២. My Health My Lite, ៣. Frarrracy Cambodia, ៤. សិប្បកម្មអាល់កុលម៉ាក សមិទ្ធិផលខ្មែរ SK ៥. Chhun Pha, គណនីបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនទៀត និងឱសថស្ថានមួយចំនួន កំពុងលក់ឱសថសម្រាប់ប្រឆាំង វីរុសកូវីដ-១៩ ឈ្មោះ MOLAZ (Molnuplravir Capsules 200mg) គ្មានប្រភពច្បាស់លាស់។
ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនជ្រាបថា ក្រសួងសុខាភិបាល បានផ្តល់នូវវិញ្ញាបនបត្រអនុញ្ញាតឱ្យប្រើប្រាស់ឱសថ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់ ដែលយោងតាមវិញ្ញាបនបត្រនេះ គឺក្រុមហ៊ុនអាចស្នើសុំនាំចូលឱសថប្រភេទនេះមកចែកចាយស្របតាមច្បាប់ដែលមានជាធរមាន។ ម្យ៉ាងទៀតយោងតាមការសិក្សាស្រាវជ្រាវឱសថនេះត្រូវប្រើ ប្រាស់ក្រោមការត្រួតពិនិត្យ និងតាមដានពីគ្រូពេទ្យជំនាញតែប៉ុណ្ណោះ។ ចំពោះការប្រើប្រាស់មិនបានត្រឹមត្រូវ អាចបណ្តាលឱ្យមាន គ្រោះថ្នាក់ផ្សេងៗផងដែរ ក៏ដូចជាអាចបណ្តាលឱ្យមានភាពស៊ាំនៃឱសថនេះទៅនឹងមេរោគទៀតផង។
ក្រសួងសុខាភិបាលសូមជម្រាបជូនថា រហូតដល់បច្ចុប្បន្ននេះ ពុំទាន់មានក្រុមហ៊ុនណាមួយ ស្នើសុំនាំចូលឱសថនេះ មកចែកចាយនៅឡើយ ប៉ុន្តែមានគណនីបណ្តាញសង្គមខាងលើ និងឱសថស្ថានមួយចំនួនបានឆ្លៀតឱកាសលក់ឱសថនេះ យ៉ាងអនាធិបតេយ្យដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ មិនត្រូវទិញឱសថដែលគ្មានប្រភពច្បាស់លាស់នេះទៅប្រើប្រាស់ឡើយ ព្រោះឱសថដែលគ្មាន ប្រភពច្បាស់លាស់ មិនអាចធានាបាននូវគុណភាព និងប្រសិទ្ធភាពបានឡើយ ព្រមទាំងអាចជាឱសថក្លែងក្លាយ ដែលអាចធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរទៀតផង។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធ ដែលកំពុងចែកចាយ ឬលក់ឱសថខុសច្បាប់ខាងលើទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្ដីពីការ គ្រប់គ្រងឱសថជាធរមាន។ ក្រសួងសុខាភិបាល សូមឱ្យអាជ្ញាធរពាក់ព័ន្ធជួយសហការស្រាវជ្រាវរកម្ចាស់គណនីបណ្តាញ សង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀត មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
ទន្ទឹមគ្នានេះដែរ ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានស្គាល់ម្ចាស់គណនីបណ្តាញ សង្គមហ្វេសប៊ុកខាងលើ ឬជនពាក់ព័ន្ធ ឬបានស្គាល់ទីតាំងដែលកំពុងចែកចាយ ឬលក់ ឱសថ MOLAZ (Molnuplravir Capsules 200rng) ខាងលើនេះ សូមសហការផ្ដល់ព័ត៌មានមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤,០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕
ដោយ ៖ សិលា