ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ កម្ពុជា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា,  រសៀលថ្ងៃសៅរ៍ទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វ៉ូ ង៉ុកលី អគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ អញ្ជើញជូនពរលោកអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ព្រះរាជាណាចក្រកម្ពុជា(៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២១)។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងគណៈប្រតិភូ ស្របពេលដែលកម្ពុជា និងវៀតណាម បានជួបប្រជុំរវាងគណៈកម្មការព្រំដែនកម្ពុជា វៀតណាមតាមរយៈវីដេអូ Conference ដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសហរដ្ឋមន្ត្រីជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រីប្រចាំការក្រសួងការបរទេសវៀតណាម បានជជែកពិគ្រោះយោបល់ អនុម័តចុះហត្ថលេខាលើរបាយការណ៍ និងលើកទិសដៅ សម្រាប់ទំនាក់ទំនងខេត្ត ក្រុងជាប់ព្រំដែន នៃប្រទេសទាំងពីរ ក្នុងខ្លឹមសាររបាយការណ៍ដែលបានលើកឡើងក្នុងអង្គប្រជុំ ពិតជាបានឆ្លុះបញ្ចាំងអំពីស្មារតី នៃកិច្ចសហប្រតិបត្តិការខេត្ត ក្រុងជាប់ព្រំដែន និងដោះស្រាយបញ្ហាជាច្រើនមានសេដ្ឋកិច្ច សង្គម និងការទប់ស្កាត់បទល្មើសនានា ហើយមានសមត្ថផលយ៉ាងច្រើន ដែលយើងសម្រេចបានរួមគ្នារវាងប្រទេសទាំងពីរ និងបានដាក់ចេញនូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ យើងនៅតែធ្វើការសម្របសម្រួលទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសយើងទាំងពីរតាមរយៈព្រំដែនគោកបានល្អយ៉ាងប្រក្រតី និងគាំទ្រដល់ដំណើរការសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមព្រំដែនបានល្អប្រសើរ។ ក្នុងរយៈពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ យើងខ្ញុំក៏ទទួលបានអំណោយជាសម្ភារ:ជាបន្តបន្ទាប់ ពីភាគីវៀតណាម ដែលជាការចូលរួមចំណែកដោះស្រាយការលំបាករបស់ខេត្តព្រះសីហនុ។ សូមថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្តសម្ព័ន្ធមេត្រីភាព និងប្រជាជនវៀតណាម នូវទឹកចិត្តសប្បុរសធម៌។

  លោក វ៉ូ ង៉ុកលី អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ បានថ្លែងអំណរគុណ លោកអភិបាលខេត្តព្រះសីហនុ ដែលអនុញ្ញាតឱ្យគណៈប្រតិភូកុងស៊ុលវៀតណាម ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃបុណ្យឯករាជ្យជាតិព្រះរាជាណាចក្រកម្ពុជា (៩វិច្ឆិកា ១៩៥៣ ៩វិច្ឆិកា ២០២១)។ សូមជូនពរថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ និងសូមអបអរសាទរដែលលោកអភិបាលខេត្ត បានតែងតាំងជាប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ។ 

ដោយសារការរីកចម្រើនរបស់កម្ពុជា រយៈពេល៦៨ឆ្នាំកន្លងមក និងប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ព្រះករុណា សម្តេចព្រះបាទនរោត្តម សីហមុនី និងការដឹកនាំដ៏វៃឆ្លាតរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធិផលថ្មីៗជាច្រើនលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកោតសរសើរចំពោះការងារ ទប់ស្កាត់ជំងឺកូវីដរបស់កម្ពុជា។ ហើយសមិទ្ធផលដ៏ធំធេងនេះកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ។ សូមអបអរសាទរក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសសាកល្បងទទួលទេសចរណ៍វ៉ាក់សាំងនៅថ្ងៃទី៣០ ខែវិច្ឆិកា ២០២១។

លោក អគ្គកុងស៊ុលវៀតណាម បានបន្តថា កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កាន់តែពង្រឹងពង្រីកឥតឈប់ឈរ ទោះបីមានជំងឺកូវីដ-១៩រាតត្បាត។  

លោក អគ្គកុងស៊ុល បានថ្លែងការកោតសរសើរដល់រដ្ឋបាលខេត្តព្រះសីហនុ បានជួយពិនិត្យព្យាបាលជំងឺកូវីដ-១៩ ដល់ប្រជាជនវៀតណាមដោយមិនគិតថ្លៃ ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ប្រជាជនដើមកំណើតវៀតណាមបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាន១០០ភាគរយ និងជូនពរលោកអភិបាលខេត្ត មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។

ក្នុងឱកាសនោះ លោក អគ្គកុងស៊ុលវៀតណាម ក៏បានឧបត្ថម្ភម៉ាសចំនួន ១០,០០០ ជូនរដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

ដោយ ៖ សិលា


ចែករំលែក៖