ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យជាកូនក្នុង ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្ដាលឱ្យមរណភាព(កូនវាយឪពុកបង្កើតបណ្តាលឱ្យស្លាប់)។
ហេតការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២១ ត្រង់ចំណុចភូមិចិន្សា ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថាជនសង្ស័យជាកូនមានឈ្មោះ មុត ឧត្តម អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិចិន្សា ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំណែកជនរងគ្រោះជាឪពុកមានឈ្មោះ អ៊ូ សាម៉េន អាយុ៤៦ឆ្នាំមុខរបរកសិកររស់នៅ ក្នុងភូមិឃុំកើតហេតុខាងលើ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាព ថាកាលថ្ងៃទី៦ខែវិច្ឆិការឆ្នាំ២០២១វេលាម៉ោង៩យប់ ខ្លួនបានផឹកស្រាស្រវឹងហើយក៏ទាស់ពាក្យសំដីគ្នាជាមួយឪពុកបង្កើតនៅក្រោមផ្ទះរបស់ខ្លួន ។
ហើយនៅពេលទាស់ពាក្យសំដីគ្នានោះឪពុកខឹងក៏បានយកដបទឹកត្រី មកគប់ចោលលើខ្លួនខណ:នោះគេជាជនសង្ស័យ ខឹងបានយកដបទឹកត្រីមកវាយឪពុកត្រូវចំក្បាល២ដបបណ្តាលឱ្យបែកក្បាលហូរឈាម ប្រកាច់ទៅលើ ដី បន្ទាប់មកបានយកឆ្នាំងដាំបាយវាយក្បាលបន្ថែមទៀតបណ្តាលឱ្យស្លាប់តែម្តង។
ប្រភពបន្តថាក្រោយពីបានស្តាប់ការបំភ្លឺពីឈ្មោះរស់ សាវី រួចសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ មុត ឧត្តម នៅចំណុចផ្ទះឈ្មោះ សឹង ផៃ ភេទប្រុស ជាក្រុមប្រឹក្សាឃុំដូនស ស្ថិតនៅភូមិចិន្សា ឃុំដូនស ស្រុកស្វាយជ្រំ មកសាកសួរតែម្ដង។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីចាត់ការបន្តតាមច្បាប់ ៕
ដោយ៖ យឹម សុថាន