នាយករដ្ឋមន្ត្រី អុីរ៉ាក់ លោក Mustafa al-Kadhimi បានដឹកនាំកិច្ចប្រជុំសន្តិសុខជាមួយបណ្តាមន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកសន្តិសុខនៅក្នុងប្រទេសនេះ ក្រោយការប៉ុនប៉ងធ្វើឃាតលោកមិនបានសម្រេច តាមយន្តហោះគ្មានមនុស្សបើកនៅភូមិគ្រឹះរបស់លោក។
ក្រោយកិច្ចប្រជុំនៅថ្ងៃទី ៧ខែវិច្ឆិកា ការិយាល័យនាយករដ្ឋមន្ត្រីអុីរ៉ាក់បានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងខ្លាំងដល់ការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី Kadhimi នៅយប់ថ្ងៃទី ៦ខែវិច្ឆិកា តាមយន្តហោះគ្មានមនុស្សបើកដែលជាការវាយប្រហារទ្រង់ទ្រាយធំបំផុតបង្កឡើងដោយក្រុមភេរវកម្ម។
ការវាយប្រហារនោះបណ្តាលឲ្យសន្តិសុខ៦នាក់ដែលជាកងការពារនាយករដ្ឋមន្ត្រី យាមនៅខាងក្រៅភូមិគ្រឹះរងរបួស។ អ្នកនាំពាក្យក្រសួងមហាផ្ទៃអុីរ៉ាក់បានឲ្យដឹងថា មានយន្តហោះគ្មានមនុស្សបើកដល់ទៅ ៣គ្រឿងចូលរួមធ្វើឃាតនាយករដ្ឋមន្ត្រី ក្នុងនោះមានពីរគ្រឿងត្រូវសន្តិសុខបាញ់កម្ទេច និងមួយគ្រឿងទៀតធា្លក់ចំផ្ទះនាយករដ្ឋមន្ត្រីបណ្តាលឲ្យផ្ទុះ។
នាយករដ្ឋមន្ត្រី Kadhimi បានចេញបញ្ជាឲ្យបើកការស្រាវជ្រាវ ស្វែងរកចាប់ខ្លួនអ្នកនៅពីក្រោយការធ្វើឃាតនោះ៕
រូបថត៖Reuters
ដោយ៖ធីរីណា(រូបថត៖AFP/TTXVN)