ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទោស៧នាក់ ហែក​គុកនៅខេត្តស្ទឹងត្រែងរត់គេចខ្លួនបាត់ នៅម៉ោងជាង៣ទៀបភ្លឺ

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង៖ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃចន្ទ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ថា​ អ្នកទោសនៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែងចំនួន៧នាក់ បានលួចហែកគុករត់គេចខ្លួន​ នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកានេះ។​ ខណៈ​នេះកម្លាំងនគរបាលពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន ដើម្បីស្រាវជ្រាវតាមចាប់អ្នកទោសទាំងនេះមកវិញ។

លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា​ បានថ្លែង​បន្តថា អ្នកទោសទាំង​០៧នាក់នេះ បានវៃទម្លុះជញ្ជាំងគុក រួចរត់គេចខ្លួនតែម្តង ហើយពួកគេទាំងនេះ មានទោសភាគច្រើនជាមួយគ្រឿងញៀន។

លោកស្នងការខេត្ត​ បានបន្ថែមថា​ មន្ត្រីអនុរក្សពន្ធនាគារដឹងអ្នកទោសវាយជញ្ជាំងទម្លាយរត់គេចខ្លួន បានប្រើប្រាស់អាវុធបាញ់ចំនួន៤គ្រាប់ដើម្បីគម្រាមបញ្ឈប់សកម្មភាពរត់គេចតែមិនអាចរារាំងបាននោះទេ។ បេី​តាមការពិនិត្យទីតាំងជាក់ស្តែងនគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះកំណាត់ឈើ ក្នើយភួយ ដើម្បីខ្ទប់វាយមិនឱ្យលឺសំឡេង។

ជុំវិញករណីនេះដែរ​ ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងលោក ឈុន តារា ក៏បានឱ្យដឹងថា ក្នុងចំណោមអ្នកទោស៧នាក់មានម្នាក់ត្រូវកាត់ទោសអោយជាប់ពន្ធនាគារអស់មួយជីវិតក្នុងករណីជួញដូរគ្រឿងញៀន និង៦នាក់ទៀតជាប់ទោសស្រាល។

ប្រធានពន្ធនាគាររូបនេះ​ បន្ថែម​ថា ក្នុងចំណោមអ្នកទោសរត់គេចខ្លួន៧នាក់ មាន៦នាក់ស្ថិតក្នុងករណីជួញដូរគ្រឿងញៀន និងម្នាក់ជាប់ទោសពីបទលួចមានស្ថានទម្ងន់ទោស៕

ដោយ​៖សហការី​


ចែករំលែក៖