ព័ត៌មានទាន់ហេតុការណ៍៖

ពាក្យស្លោកថ្មីរបស់តារាចម្រៀងខេមរៈ សិរីមន្ត រងការរិះគន់

ចែករំលែក៖

ភ្នំពេញ៖ ក្លាយជាវេទិការបញ្ចេញយោបល់ក្រោយពីពាក្យស្លោកថ្មីមួយរបស់តារាចម្រៀងលំដាប់ជួរមុខនៅកម្ពុជាលោក ខេមរៈ សិរីមន្ត ដែលបានបញ្ចេញ តាមរយៈការLive លក់ដីឡូត៍។ ពាក្យនោះមានខ្លឹមសារថា”យុវជនសម័យថ្មី អត់មានដីម្ដេចស្ទាវ”។

មុននេះដែរ លោកបន្ថែមថា សម្រាប់រូបលោកមានទស្សនៈខុសគេ ទាក់ទងនឹងការពេបជ្រាយ ឬរិះគន់រឿងយុវវ័យទិញដីឡូត៍ពីសំណាក់អ្នកជិតខាង លោកថានេះជារឿងមួយយើងមិនគួរខ្វល់ពេកទេ ហើយចាត់ទុកអ្នកនិយាយនោះ គឺជាកញ្ចក់របស់យើង។ ពាក្យនេះបានក្លាយជាវេទិការបញ្ចេញទស្សនៈយ៉ាងចម្រូងចម្រាសរវាងក្រុមអ្នកគាំទ្រ និងទស្សនិកជនមួយចំនួនដែលមិនពេញចិត្តទៅនឹងពាក្យស្លោកខាងលើពិសេសសំដៅទៅលើពាក្យស្ទាវនោះតែម្តង។ នៅលើវីដេអូដែលត្រូវបានកាត់ត្រង់វគ្គនេះបានធ្វើឲ្យអ្នករិះគន់មួយចំនួនបញ្ចេញយោបល់។ មានការលើកឡើងថាពាក្យស្ទាវ ត្រូវបានគេប្រើតែទៅលើសត្វពាហនៈប៉ុណ្ណោះ ដូចជា៖ គោស្ទាវ មាន់ស្ទាវ ឬក្របីស្ទាវជាដើម។ ប៉ុន្ដែឃ្លាចុងក្រោយនេះ គួរតែប្រើពាក្យ”ពេញជំទង់ ជំនួសពាក្យស្ទាវ វិញ ទើបប្រសើរ។ក្រៅពីនេះក៏មានអ្នកលេងTik Tok និងFacebook មួយចំនួនចាប់ផ្ដើម រិះគន់ពាក្យស្លោករបស់លោកដោយមានភ្ជាប់នូវវីដេអូLive របស់លោកនោះផង។ ពួកគេ បានសំណូមពរឲ្យលោក ខេមរៈ សិរីមន្ដ កែតម្រូវពាក្យស្លោក និងខ្លះបានសំណូមពរឲ្យបកស្រាយពាក្យ”ស្ទាវ”ដែលយកប្រើជាមួយយុវវ័យ។  ការអះអាងខាងលើក៏ស្របទៅនឹងនិយមន័យនៃពាក្យ”ស្ទាវ” ដែលមាននៅក្នុងវចនានុក្រុមសម្តេចសង្ឃជួនណាតដោយមានសេចក្តីថា” ស្ទាវ ថ្នាក់ពាក្យជាគុណសព្ទ ជំទង់ ចំពោះតែសត្វតិរច្ឆានឈ្មោលពួកខ្លះ ឧទាហរណ៍គោស្ទាវ មាន់ស្ទាវ។ ទោះជាយ៉ាងណាក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានបញ្ចេញទស្សនៈ និងយោបល់ថាពាក្យ”ស្ទាវ” គឺមានការប្រើប្រាស់ជាធម្មតាទៅហើយ ដែលសូម្បីតែក្នុងបទចម្រៀងក៏មានផងដែរ។ 

  នេះបានក្លាយជាបទពិសោធន៍ថ្មីសម្រាប់តារាប្រុសស្រីល្បីឈ្មោះ ក្នុងការប្រើប្រាស់ពាក្យពេចន៍ដែលត្រូវបានបញ្ចេញជាសាធារណៈ ហើយវាអាចជះឥទ្ធិពលទៅដល់សង្គម ពិសេសក្រុមអ្នកគាំទ្ររបស់ពួកគេ ព្រោះតែពាក្យខ្លះអាចកែប្រែបរិបទសង្គម ពិសេសមានឥទ្ធិពលទៅលើក្រុមយុវវ័យនោះតែម្តង ដូចនេះរាល់ពាក្យពេចន៍នានាគួរប្រើប្រាស់ដោយមានការប្រុងប្រយ័ត្នខ្ពស់៕ 

ដោយ៖ វឌ្ឍនា


ចែករំលែក៖