ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន ដែលបាន ពលីជីវិតនាសម័យសង្រ្គាម ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៨ នៃថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរំលឹកគុណយុទ្ធជនពលី តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ក្នុងទិវាខួបអនុស្សាវរីយ៍លើកទី៦៨ នៃថ្ងៃកំណើតកងយោធពលខេមរ ភូមិន្ទ ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអានពីប្រវត្តិសង្ខេប នៃកងយោធពលខេមរភូមិន្ទ ដែលបាន ចាប់បដិសន្ធិឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយបានឆ្លងកាត់ជាច្រើនដំណាក់កាលនៃ ការផ្លាស់ប្ដូរក្នុងដំណើរការបត់បែននៃប្រវត្តិសាស្រ្ត និងនិន្នាការនយោបាយខុសគ្នាៗ។ តែមកដល់បច្ចុប្បន្ននេះ កងយោពលខេមរភូមិន្ទ បានរីកចម្រើនធំធាត់រឹងមាំទាំងបរិមាណនិងគុណភាព ហើយ បានប្តេជ្ញាចិត្តប្ដូរផ្ដាច់ក្នុងការការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី ការពារជាតិសាសនា ព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតយ៉ាងរឹងមាំ។

ដើម្បីជាការដឹងគុណដល់វិញ្ញាណក្ខ័ន្ឋកម្មាភិបាលយុទ្ធជន ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ក្នុងសម័យសង្គ្រាមថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដុតធូបតាមផ្នូរសពកម្មាភិបាលយុទ្ធជនពលី ហើយនិងបានប្ដេជ្ញាចិត្តយ៉ាងដាច់ខាត គោរពអនុវត្ត តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តាមឋានានុក្រមនៃកងយោធពលខេមរភូមិន្ទនិងគោរព រៀនសូត្រតាមគំរូវីរភាពដ៏អង់អាចក្លាហានរបស់រៀមច្បងកម្មាភិបាលយុទ្ឋជនគ្រប់ជំនាន់ ដែលបានពលី ជីវិត ក្នុងបុព្វហេតុការពារជាតិនិងប្រជាជនកម្ពុជា ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា៕

ដោយ៖ សូរិយា


ចែករំលែក៖