ភ្នំពេញ៖ អនុវត្តអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដែលតែងតែយកចិត្តទុកដាក់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការប្រើប្រាស់ម្ហូបអាហារដែលមានសុវត្ថិភាព នៅអគ្គនាយកដ្ឋានក.ប.ប. មានរៀបចំពិធីប្រគល់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន០៥ គ្រឿង សម្រាប់ប្រើប្រាស់នៅតាមបណ្តារាជធានី ខេត្ត។
ក្នុងពិធីប្រគល់នេះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. បានផ្តាំផ្ញើដល់មន្រ្តីតាមបណ្តាសាខា ត្រូវថែទាំនិងប្រើប្រាស់រថយន្ត និងឧបករណ៍វិភាគ ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាពនិងប្រសិទ្ធផល។ លោកប្រតិភូ ក៏បានផ្តាំផ្ញើដល់មន្រ្តីជំនាញវិភាគ ត្រូវខិតខំសិក្សាស្រាវជ្រាវរកវិធីសាស្ត្រ ថ្មីៗ ដើម្បីធានាដល់ការត្រួតពិនិត្យ និងវិភាគគុណភាពទំនិញពិសេសម្ហូបអាហារ សំដៅធានាការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។ សូមជម្រាបជូនផងដែរថា ការប្រគល់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដល់បណ្តារាជធានី ខេត្ត នាពេលនេះ ដើម្បីគាំទ្រដល់សកម្មភាពការងាររបស់បណ្តាសាខាក.ប.ប. ក្នុងការវាយតម្លៃអំពីអនុលោមភាព នៃផលិតផលម្ហូបអាហារប្រព្រឹត្តទៅបានទាន់ពេលវេលា កាត់បន្ថយការចំណាយថវិកាក្នុងការចល័តរថយន្តពិសោធន៍និងមន្រ្តីជំនាញពីរាជធានីភ្នំពេញ។
គោលបំណងសំខាន់ គឺដើម្បីបង្ខិតទាំងបច្ចេកទេស និងសម្ភារៈ ឱ្យកាន់តែជិតគោលដៅប្រតិបត្តិការ សំដៅគាំទ្រដល់សកម្មភាព៖
– ត្រួតពិនិត្យទំនិញដែលចរាចរនៅលើទីផ្សារ ពិសេសផ្សារនៅតាមបណ្តាតំបន់ដាច់ស្រយ៉ាល។
– ប្រតិបត្តិការគាំទ្រដល់ការអនុវត្តប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មលេខ ៥៧៤ សហវ.ប្រក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ដែលបច្ចុប្បន្នជាអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីសហការត្រួតពិនិត្យទំនិញនាំចេញ នាំចូលនៅតាមច្រកព្រំដែន។
– ប្រតិបត្តិការគាំទ្រដល់សកម្មភាពពិនិត្យ ស្រាវជ្រាវ ករណីពុលអាហារដែលអាចកើតមានជាយថាហេតុ៕
ដោយ៖សហការី