ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិព្រមានពីគ្រោះអត់ឃ្លានកើនឡើងក្នុងឆ្នាំ២០២១

ចែករំលែក៖

កម្មវិធីស្បៀងអាហារពិភពលោក WFP នៅថ្ងៃទី៨ខែវិច្ឆិកា បានប្រកាសថា ចំនួនពលរដ្ឋប្រឈមនឹងគ្រោះអត់ឃ្លាននៅក្នុង៤៣ប្រទេសជុំវិញពិភពលោក ដោយមានពលរដ្ឋ៤៥លាននាក់ប្រឈមនឹងគ្រោះអត់ឃ្លាន។ ប្រទេសដែលប្រឈមនឹងគ្រោះអត់ឃ្លានខ្លាំងជាងគេគឺ Afghanistan, Ethiopia, Haiti, Somalia, Angola, Kenya និង Burundi។
បើតាមកម្មវិធីស្បៀងអាហារពិភពលោក (WFP) ការកើនឡើងនៃចំនួនប្រជាជនប្រឈមមុខនឹងគ្រោះទុរភិក្សពី ៤២លាននាក់កាលពីដើមឆ្នាំ២០២១ មកដល់ ៤៥លាននាក់នៅពេលនេះ គឺដោយសារការវាយតម្លៃលើសន្តិសុខស្បៀងអាហារដែលត្រូវបានគេរកឃើញថា ប្រជាជនចំនួន០៣លាននាក់ផ្សេងទៀត កំពុងប្រឈមនឹងគ្រោះទុរភិក្សក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការកើនឡើងនៃភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ក៏ត្រូវបានគេមើលឃើញនៅក្នុងប្រទេសអេត្យូពី, ហៃទី, សូម៉ាលី, អង់ហ្គោឡា, កេនយ៉ា និងប៊ូរុនឌីផងដែរ។
លោក David Beasley ប្រធានគ្រប់គ្រងកម្មវិធីរបស់ WFP ត្រូវបានដកស្រង់សម្តីយ៉ាងដូច្នេះថា «មនុស្សរាប់សិបលាននាក់កំពុងស្ថិតនៅមាត់ជ្រោះដ៏គ្រោះថ្នាក់។ យើងមានបញ្ហាជម្លោះ, បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាជំងឺឆ្លងរាតត្បាតសកល COVID-19 ដែលជំរុញឱ្យមានការកើនឡើងនៃភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរបែបនេះ»។
លោក David Beasley បានថ្លែងបន្ទាប់ពីការធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ជាកន្លែងដែល WFP កំពុងបង្កើនជំនួយដល់មនុស្សជិត២៣លាននាក់នោះថា «ទិន្នន័យចុងក្រោយបង្អស់ បានបង្ហាញថា នាពេលឥឡូវនេះមានមនុស្សជាង ៤៥លាននាក់កំពុងដើរឆ្ពោះទៅរកភាពអត់ឃ្លាន។ តម្លៃប្រេងឥន្ធនៈឡើងថ្លៃ តម្លៃស្បៀងអាហារក៏ឡើងថ្លៃ ជីដំណាំក៏មានតម្លៃថ្លៃ ហើយទាំងអស់នេះបាននិងកំពុងដឹកនាំយើងឆ្ពោះទៅរកការប្រឈមនឹងវិបត្តិថ្មីៗ ដូចជាប្រទេសអាហ្វហ្គានីស្ថានជួបប្រទះ ក៏ដូចជាគ្រោះអាសន្នដែលកើតមានយូរមកហើយ ដូចជានៅប្រទេសយេម៉ែន និងស៊ីរីជាដើម»៕

ដោយ៖ធីរីណា(រូបថត៖AFP/TTXVN)


ចែករំលែក៖