ភ្នំពេញ៖ នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើក ឲ្យដំណើរការ ផ្លូវក្រោមដី ១ខ្សែទៀត ជាបណ្តោះ អាសន្ន ពីមហាវិថីចោមចៅឆ្ពោះ ទៅផ្លូវជាតិ លេខ៤ ខណៈក្រុមការងារ កំពុង ដំណើរការអ៊ុតកៅ ស៊ូផ្លូវ តភ្ជាប់ពីមហាវិថីសហព័ន្ឋរុស្សុីឆ្ពោះ ទៅផ្លូវជាតិលេខ៤ និងផ្លូវតភ្ជាប់ពីមហាវិថីចោមចៅឆ្ពោះ ទៅមហាវិថីសហព័ន្ឋរុស្សុី ក្នុងរយៈពេល ១៤ថ្ងៃនោះ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ វិច្ឆិកា ២០២១នេះ។
លោកបន្ដថា៖ មូលហេតុដែល យើងសម្រេចបើកផ្លូវក្រោមដីបណ្ដោះអាសន្ន១ខ្សែ រយៈពេល២ថ្ងៃមក នេះគឺ ដើម្បីជួយសម្រួល ការកកស្ទះចរាចរក្នុងពេលដំណើរ ការអ៊ុតកៅស៊ូផ្លូវតភ្ជាប់ ពីមហាវិថីសហព័ន្ឋរុស្សុីទៅផ្លូវជាតិលេខ ៤ និងផ្លូវតភ្ជាប់ពីមហាវិថីចោមចៅ ទៅមហាវិថីសហព័ន្ឋរុស្សុី ការដ្ឋាន សាងសង់ស្ពានអាកាស និងផ្លូវក្រោម ដីចោមចៅ បានធ្វើការពង្វាងចរាចររយៈពេល ១៤ថ្ងៃ ដោយបើកអោយប្រើប្រាស់ផ្លូវក្រោមដីថ្មីជាបណ្តោះអាសន្ន ពីមហាវិថីចោមចៅទៅផ្លូវជាតិលេខ៤ ។
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ រដ្ឋបាលរាជធានីភ្នំពេញដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែនិងចំណាយថវិកា សាងសង់ប្រមាណ២២លានដុល្លារ អាមេរិក។
ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះ ត្រូវសាងសង់ដោយបែងចែកជា៣ផ្នែកគឺ ស្ពានទី១ ជាស្ពានអាកាសមេ
តភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវ វេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយាន យន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង ១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។
ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរ ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មាន ប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាស ប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ជាផ្លូវក្រោមដីប្រវែង១៣ ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែល មានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេ តភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរ មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំទទឹង៨,៥ម៉ែត្រ ។ ល្បឿនសុវត្ថិភាព២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ ទៅ៥,៥ម៉ែត្រ ។
ស្ពាន នេះមានអាយុកាលនៃការប្រើប្រាស់ ១០០ឆ្នាំ ។ ដោយបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។
សូមបញ្ជាក់ថា៖ ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការ កាលពីថ្ងៃទី២៩មិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ៕
ដោយ៖ សំរិត