ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សូមស្វាគមន៍ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី ដែលបានមកដល់ប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសូមស្វាគមន៍ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី ដែលបានមកដល់ប្រទេសកម្ពុជា។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា, ខ្ញុំពិតមានសេចក្តីសោមនស្សរីករាយដែលបានជួបលោកស្រីដោយផ្ទាល់ ក្រោយពីមានជំនួបទ្វេភាគីតាមទូរស័ព្ទ និងប្រជុំតាមប្រព័ន្ធវីដេអូជាច្រើនលើកច្រើនសារក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា, គោលជំហររួមរបស់កម្ពុជា និងអូស្រ្តាលីគឺការធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់របស់យើង។ សាមគ្គីភាពអន្តរជាតិគឺជាមូលដ្ឋានគ្រឹះដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ ជាពិសេសខណៈពេលដែលយើងកំពុងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្ពុជាតែងតែវាយតម្លៃខ្ពស់លើការចូលរួម និងការគាំទ្ររបស់អូស្ត្រាលីចំពោះកម្ពុជា និងអាស៊ាន។

លោកថ្លែងទៀតថា, ខ្ញុំសង្ឃឹមថា លោកស្រីនិងគណៈប្រតិភូទាំងអស់ពេញចិត្តជាមួយអាហារថ្ងៃត្រង់ដែលយើងបានរៀបចំជូន។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញការទូតម្ហូបអាហារនៅលើឆាកពិភពលោក៕

ដោយ៖សុខ ខេមរា


ចែករំលែក៖