មន្ត្រីជប៉ុនបានប្រកាសថា ជាលើកដំបូងក្នុងរយៈពេល១៥ខែដែលជប៉ុនមិនមានករណីស្លាប់ដោយកូវីដ-១៩ ។ ក្រសួងសុខាភិបាលជប៉ុនបានប្រកាសថា មានករណីឆ្លង ១៦២នាក់ ដោយមិនមានអ្នកស្លាប់ឡើយក្នុងពេល២៤ម៉ោងកន្លងមក។
នៅពេលនេះអ្នកជំងឺដែលមានអាការៈនៅសល់តែ ១០០នាក់ប៉ុណ្ណោះ។ កាលពីខែសីហាឆ្នាំ២០២០ ជប៉ុនក៏មិនមានករណីស្លាប់ដោយកូវីដ-១៩ផងដែរ។ ករណីស្លាប់ដោយកូវីដ-១៩ ដំបូងបំផុតនៅក្នុងប្រទេសជប៉ុនគឺនៅខែកុម្ភៈឆ្នាំ២០២០ ហើយមកទល់ពេលនេះមានអ្នកស្លាប់សរុប ១៨ពាន់នាក់គិតត្រឹមដើមខែវិច្ឆិកាឆ្នាំ២០២១។
ចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅក្នុងប្រទេសជប៉ុនគឺពាក់កណ្តាលខែឧសភា ដោយមានអ្នកស្លាប់ដល់ទៅជាង ២០០នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែដោយទទួលបានការចាក់វ៉ាក់សាំងបានច្រើន ជួយទប់ស្កាត់ករណីស្លាប់ដោយកូវីដ-១៩ បានយ៉ាងល្អបំផុត។
មកទល់ពេលនេះ មានពលរដ្ឋ ជប៉ុន ៧៣% បានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយពេលនេះជប៉ុនក៏បានចាក់ដូសជំរុញបន្ថែមផងដែរ។ នេះជាជោគជ័យរបស់ជប៉ុន ក្នុងការទប់ស្កាត់កូវីដ-១៩ ដោយមិនមានអ្នកស្លាប់ឡើយ ក្រោយជាច្រើនខែកន្លងមកដោយសារតែការចាក់វ៉ាក់សាំង៕ ដោយ ៖ធីរីណា
រូបថត៖Reuters