ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង អញ្ជើញជួបសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ ឆ្នាំ២០២១ នៃតំបន់ប្រតិបត្តិការសឹករងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅថ្ងៃចន្ទទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អ៊ំ សាវ៉ាត មេបញ្ជាការរង និងជានាយ សេនាធិការ តំបន់ប្រតិបត្តិការសឹករងស្វាយរៀង តំណាងលោកឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ យោធិនពិការឆ្នាំ ២០២១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង។

លោកឧត្តមសេនីយ៍នាយសេនាធិការបានលើកឡើងថា ថ្វីត្បិតតែបងប្អូនត្រូវចាកចេញពីអង្គភាពនាពេលខាងមុខនេះ តែក្ដីនឹករឮករបស់មេបញ្ជាការ និងពួកយើងរាល់គ្នានៅតែដិតដាមជាមួយបងប្អូនទាំងអស់គ្នា ជាពិសេសនឹកអនុស្សាវរីយ៍កាលដែលពួកយើងធ្លាប់រួមសុខទុក្ខក្នុងសម័យសង្រ្គាមរ៉ាំរ៉ៃជាមួយគ្នា បូជាសាច់ស្រស់ ឈាមស្រស់ និងប្រឹងអស់កម្លាំងកាយចិត្តដើម្បីបុព្វហេតុជាតិមាតុភូមិ និងស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជាដោយប្រតិបត្តិតាមនយោបាយឈ្នះឈ្នះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកនាយសេនាធិការក៏បានអរគុណ និងជូនពរយោធិនចូលនិវត្តន៍ និងយោធិនពិការទាំងអស់សូមមានតែសេចក្ដីសុខ សុខភាពល្អ និងចាកឆ្ងាយពីជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតជាសកល។

ជាចុងក្រោយក៏មានការបំពាក់ឋានន្តរសក្ដិ ប្រគល់សេចក្ដីសម្រេច អនុក្រឹត្យ និងព្រះរាជក្រឹត្យ និងផ្ដល់នូវកញ្ចប់ថវិកាមួយចំនួន របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជូនដល់សោធននិវត្តន៍ និងយោធិនពិការ ក្នុងម្នាក់ទទួលបានថវិកាចំនួន ២០០,០០០៛ (ម្ភៃម៉ឺនរៀល)៕

ដោយ៖ សូរិយា


ចែករំលែក៖