ខេត្តកំពង់ងឆ្នាំង ៖ កុមារីម្នាក់បានស្លាប់បាត់បង់ជីវិត ចំណែកផ្ទះចំនួន៦ខ្នងបានបាក់លិចចូលទៅក្នុងទឹក និង ១៥ខ្នងផ្សេងទៀត របើកដំបូល ហេតុការណ៍គ្រោះធម្មជាតិនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៥ល្ងាច ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា កុមារីរងគ្រោះដោយគ្រោះធម្មជាតិនេះមានឈ្មោះ ហុន ណាវី អាយុ៥ ឆ្នាំរស់នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះធម្មជាតិ ភ្លៀងនិងខ្យល់កន្រ្តាក់បានបោកបក់ប៉ះចំភូមិពាមខ្នង ឃុំផ្លូវទូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បង្កឱ្យផ្ទះប្រមាណជាង២០ខ្នងបានរងការខូចខាតប៉ើងរបើកដំបូល ក្នុងចំណោមនោះ៦ខ្នងត្រូវបានឥទ្ធិពលខ្យល់កន្រ្តាក់បោកផ្ទះពន្លិចចូលទៅក្នុងទឹក ។
ភូមិពាមខ្នង ឃុំផ្លូវទូក គឺជាភូមិសាស្រ្តមួយដែលស្ថិតនៅតំបន់ដាច់ស្រយាលជាតំបន់លិចទឹក ដែលប្រជាពលរដ្ឋភាគច្រើនរស់នៅតាមផ្ទះបណ្តែតទឹក ៕
ដោយ ៖ ចន្ថា