ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនេីបម៉ាស្ដា​បត់ឆ្លងផ្លូវត្រូវបុរសម្នាក់ជិះម៉ូតូទៅបុកពេញទំហឹង​បណ្ដាលឱ្យអ្នកជិះម៉ូតូបាក់ជេីងទាំងសងខាង

ចែករំលែក៖

    ភ្នំពេញ ៖​ បុរសម្នាក់បានបាក់ជេីងទាំងសងខាង​ ខណៈជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿងដែលកំពុងបត់ឆ្វេងឆ្លងផ្លូវពេញទំហឹង​ កាលពីវេលាម៉ោង៨​និង៣០នាទីយប់ថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ត្រង់ចំណុចច្រកចូលបុរីប៉េងហួត​ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​ ។ 

  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៧​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខព្រៃវែង1L-1670 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក​ ម៉ាស្ដា​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BM-4662 បើកបរដោយនារីម្នាក់និងមាននារីម្នាក់ទៀតរួមដំណើរក្នុងទិសដៅពីជើងទៅត្បូងហើយបានបត់ឆ្វេងឆ្លងផ្លូវបំណងចូលទៅក្នុងបុរី​ ចំថ្ពាល់ខាងស្ដាំរថយន្តពេញទំហឹង​ បណ្ដាលឱ្យម្ចាស់ម៉ូតូបាក់ជេីងទាំងសងខាងរងរបួសធ្ងន់​ ហេីយភ្លាមៗនោះប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសាមុយឱ្យមកដឹកជនរងគ្រោះ​យកទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះបន្ទាន់ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ​ បានមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក​ រង់ចាំដោះស្រាយនៅពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖