ព័ត៌មានទាន់ហេតុការណ៍៖

លោក វ៉ាត់ ចំរើន ៖ យុវជនជាកម្លាំងស្នូល ខណៈអ្នកស្ម័គ្រចិត្ត១ម៉ឺននាក់ជាឯកអគ្គរាជទូតសុច្ឆន្ទៈនៃស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានគូសបញ្ជាក់ថា «យុវជនគឺកម្លាំងស្នូលពិសេស ខណៈអ្នកស្ម័គ្រចិត្តក្នុងរង្វង់១ម៉ឺននាក់ត្រូវបានចាត់ថាជាឯកអគ្គរាជទូតសុច្ឆន្ទៈនៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់ព្រះរាជាណាក្រកម្ពុជាទាំងអស់គ្នា»។ នេះបើយោងតាមផេកផ្លូវការរបស់ ( Cambodia SEA GAMES 2023) CAMSOC ជាមួយពាក្យស្លោក “យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ទាំងអស់គ្នា 

កីឡារស់ក្នុងសន្ដិភាព-SPORTS LIVE IN PEACE” នៅយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយនេះជាការលើកឡើងរបស់លោកនៅក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្តាហ៍ នាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ។

   លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា នៅក្នុងរបៀបវារៈសំខាន់ៗចំនួន២នៃកិច្ចប្រជុំថ្ងៃនេះ គឺទី១ ជាការប្រកាសពីគោលការណ៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដោយប្រកាស និងផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិ CAMSOC និងCAMAPGOC សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការបំពេញកម្លាំងបន្ថែម ជាពិសេសគឺកម្លាំងយុវជននឹងជួយជំរុញឱ្យដំណើរការឆ្ពោះទៅទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣របស់កម្ពុជាកាន់តែល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ លោកអគ្គលេខាធិការសង្កត់ធ្ងន់ថា «កម្លាំងយុវជននេះគឺជាកម្លាំងស្នូលដែលជួយដល់គណៈកម្មការជំនាញកាន់តែល្អ។ នៅក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត ថោង ខុន និងលោក ហ៊ុន ម៉ានី បានប្រកាសនូវកិច្ចសហការគ្នាយ៉ាងល្អប្រសើរតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនាប្រធាន CAMSOC»។

ចំពោះរបៀបវារៈទី២ ត្រូវបានលោក វ៉ាត់ ចំរើន គូសបញ្ជាក់យ៉ាងដូច្នេះថា «ការរៀបចំអ្នកស្ម័គ្រចិត្តដែលមានការធ្វើបទបង្ហាញពីផែនការរបស់ខ្លួនច្បាស់លាស់ ដោយលោក សុខ សប្បាយណា ដែលនៅក្នុងផែនការគឺគណៈកម្មការជំនាញនឹងស្វែងរកមនុស្សចំនួន១ម៉ឺននាក់ សម្រាប់ការធ្វើស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ អ្នកស្ម័គ្រចិត្តទាំងអស់ត្រូវបានរៀបចំការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈច្បាស់លាស់ ដោយពួកគាត់ជាអ្នកបម្រើការងារដោយស្ម័គ្រចិត្ត ប៉ុន្តែធ្វើការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះថ្នាក់ដឹកនាំបានត្រៀមលក្ខណៈយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងដឹកនាំ លើកទឹកចិត្ត ដើម្បីជួយជំរុញឱ្យអ្នកស្ម័គ្រចិត្តទាំងអស់ ក្នុងរង្វង់១ម៉ឺននាក់នេះបំពេញភារកិច្ចប្រកបដោយមោទនភាព ហើយយើងចាត់ទុកអ្នកស្ម័គ្រចិត្តទាំងអស់គឺជាឯកអគ្គរាជទូតសុច្ឆន្ទៈរបស់ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម របស់ព្រះរាជាណាចក្រកម្ពុជារបស់យើងទាំងអស់គ្នាផងដែរ៕

                                      

ដោយ ៖ សិលា


ចែករំលែក៖