ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្តារិចបុករថយន្តហ្វដ រ៉េនជើរ រួចបើករត់តែត្រូវសមត្ថកិច្ចតាមចាប់បានមកវិញ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយស្តារិចមួយគ្រឿងទៅបុករថយន្ត Ford Ranger ពីចំហៀងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ ២០២១ នៅត្រង់ចំណុចផ្លូវលេខ១២២ កែងនឹងផ្លូវលេខ ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។  ចំណែករថយន្តបង្កហេតុមិនបានឈប់ដោះស្រាយនោះទេ ហើយបានជ្រុះស្លាកលេខរថយន្តខាងមុខនៅនឹងកន្លែងកើតហេតុ រួចព្យាយាមបើករត់យកមកប្លុងចោលនៅចំណតរថយន្តមួយកន្លែង មុខហាងខារ៉ាអូខេទន្លេសេកុងថ្មី ខាងលិចកន្លែងកើតហេតុប្រមាណជិត២០០ម៉ែត្រ រួចអ្នកបើកបរបានគេចខ្លួនបាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្ដហុីយ៉ាន់ដាយស្តារិចមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AV-1471ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១២២ក្នុងទិសដៅពីកើតទៅលិចដោយមានល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តFord Ranger មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY-0866ដែលធ្វើដំណើរតាមបណ្តោយផ្លូវលេខ២២១ ក្នុងទិសដៅពីត្បូងទៅជើង ចំពីចំហៀងរថយន្តខាងស្ដាំពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។  ចំណែករថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេហើយបានជ្រុះស្លាកលេខរថយន្តខាងមុខនៅនឹងកន្លែងកើតហេតុរួចបានព្យាយាមបើករត់យកទៅប្លុងចោលនៅចំណតរថយន្តមួយកន្លែងមុខហាងខារ៉ាអូខេទន្លេសេកុងថ្មី ចម្ងាយពីកន្លែងកើតហេតុប្រមាណជិត២០០ម៉ែត្រ ត្រូវបានសមត្ថកិច្ចតាមចាប់បានមកវិញ ឯតែកុងរថយន្តបង្កបានគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំម្ចាស់រថយន្តបង្កហេតុចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖