ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបំបែកសំណុំរឿងឃាតកម្មសម្លាប់ក្មេងស្រីបោះចូលទៅក្នុងអូរ​នៅខេត្តព្រៃវែង

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ការិយាល័យកម្រិតធ្ងន់ ដឹកនាំដោយលោក​ ឧត្តមសេនីយ៍ទោ​ ជាវ​ វិបុល​ បានធ្វើការបំបែកសំណុំរឿងពាក់ព័ន្ធជាមួយនឹងករណីឃាតកម្មសម្លាប់ក្មេងស្រីដោយទម្លាក់ចូលក្នុងទឹកអូរ​មួយ​នៅចំណុចភូមិទួលជៃ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង​ ។ 

  គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទី មានករណីប្រទះឃើញសាកសពក្មេងស្រីម្នាក់ស្លាប់នៅក្នុងអូរ ស្ថិតក្នុងភូមិទួលជ្រៃ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ សាកសពមានឈ្មោះ ផល ផានិត ភេទស្រី អាយុ ១២ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ។

   នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រតិបត្តិការមួយបានធ្វេីឡេីងក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងមានការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីដោយ លោក គុជ គឹមឡុង ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រៃវែង បានឱ្យកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់ក្រោយកើតហេតុ។ ដោយបានបទបញ្ជាពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងចុះទៅសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង​ បានដឹកនាំកម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនាយកដ្ឋាបច្ចេកទេស​និងវិទ្យាសាស្រ្ត និង​ អង្គការ CPU និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យទ្បើងវិញ ដោយបានវះកាត់សាកសពពិនិត្យឃើញថា៖ មានភក់នៅក្នុងបំពង់កនិងក្នុងសួត , បាក់ឆ្អឹងជំនីរខាងស្តាំ, ទ្វារមាសពុំមានស្លាកស្នាមពីការចាប់រំលោភទេ គឺជាករណីឃាតកម្ម ។ 

   នៅថ្ងៃដដែលវេលាម៉ោង៨ព្រឹកកម្លាំងជំនាញយើងបានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានមុខសញ្ញាជាជនសង្ស័យម្នាក់ឈ្មោះ យ៉ែម សុផែន ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅភូមិទួលជៃ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង នាំយកមកធ្វើការសាកសួរ ហើយជនសង្ស័យបានសារភាពថា កាលពីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខ្លួនបានទៅចូលរួមកម្មវិធីខួបកំណើតកូនរបស់អ្នកជិតខាង រហូតដល់វេលាម៉ោងប្រហែល ២២និង០០នាទី ម្ចាស់កម្មវិធីបានប្រើខ្លួនឱ្យទៅទិញទឹកកក។ ពេលធ្វើដំណើរតាមផ្លូវខ្លួនក៏ប្រទះឃើញក្មេងស្រីរងគ្រោះឈ្មោះ ផល ផានិត ឈរនៅមុខផ្ទះហើយខ្លួនបានឈប់ម៉ូតូនិងបបួលក្មេងស្រីរងគ្រោះទៅផឹកស៊ីដែរ ហើយក្មេងស្រីនោះក៏យល់ព្រមទ្បើងជិះម៉ូតូ។ ពេលធ្វើដំណើរតាមម៉ូតូក្មេងស្រីរងគ្រោះបានជិះឱបចង្កេះខ្លួនធ្វើឱ្យខ្លួនមានអារម្មណ៍ផ្លូវភេទ ទើបខ្លួនដឹកក្មេងស្រីរងគ្រោះទៅចំណុចកើតហេតុខាងលើ រួចក៏ធ្វើសកម្មភាពចាប់ស្ទាបអង្អែលសុដន តែត្រូវក្មេងស្រីនោះរើបម្រះ។ ដោយខ្លាចបែកការណ៍ខ្លួនក៏ច្រានក្មេងស្រីរងគ្រោះទម្លាក់ក្នុងអូរ ហើយចាប់សង្កត់ជ្រមុជក្នុងទឹកអូរនោះរហូតដល់ដាច់ខ្យល់ ។ ក្រោយពីធ្វើសកម្មភាពសម្លាប់ក្មេងស្រីរួចហើយខ្លួនក៏ជិះម៉ូតូទៅផ្ទះធ្វើដូចគ្មានរឿងអ្វីកើតទ្បើង រហូតដល់សមត្ថកិច្ចទៅនាំខ្លួនយកមកសាកសួរតែម្តង ។

  បច្ចុប្បន្នជនសង្ស័យខាងលើបានប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែង ផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖