ខេត្តប៉ៃលិន៖ បុរសជាប្តីចុងបានកាប់សម្លាប់ប្រពន្ធរួចរត់ទៅចងកសម្លាប់ខ្លួនតាមក្រោយបានកើតឡើងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង៣០នាទី រំលងអធ្រាត្រថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងរោងចាំចម្ការ ស្ថិតក្នុងភូមិដីក្រហម សង្កាត់ប៉ៃលិន ក្រុង- ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌក្រុងប៉ៃលិនបានឱ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ចាន់ គួយ អាយុ ៥៧ឆ្នាំ រងរបួសក និងក្បាល ផ្នែកខាងក្រោយ (ស្លាប់) មានកូន ៤នាក់ ប្រុស២នាក់ ស្រី២នាក់ ត្រូវប្តីដើមស្លាប់ចោល តាំងពីកូនស្រីពៅនៅតូចម្ល៉េះ។
លុះរហូតមកដល់ពេលនេះ កូនបងទាំងបីនាក់ មានគ្រួសាររៀងៗខ្លួនអស់ហើយ ដោយអ្នកខ្លះនៅថៃ អ្នកខ្លះនៅភ្នំពេញ និងម្នាក់ទៀត នៅខេត្តកំពង់ចាម។ ដោយឡែកនៅសល់តែកូនស្រីពៅម្នាក់ប៉ុណ្ណោះ រស់នៅជាមួយម្តាយ និងឪពុកចុងខាងលើ។
ចំណែកជនដៃដល់ជាប្តីចុង មានឈ្មោះ ផាន់ ពៅ អាយុ ៥២ឆ្នាំ បានចងកធ្វើអត្តឃាត នៅក្នុងបន្ទប់ទឹក ក្រោយពេលកាប់ប្រពន្ធរួច។
ដោយឡែកក្មេងស្រី ឈ្មោះ អូន សុខគា អាយុ១៦ឆ្នាំ បានឱ្យដឹងថា នៅថ្ងៃកើតហេតុឪពុកចុង និងម្តាយបង្កើតរបស់ខ្លួន បានផឹកស៊ីជាមួយមិត្តភក្តិ តាំងពីព្រឹក រហូតដល់ល្ងាច លុះប្រកែកគ្នាចុះឡើងៗ រហូតដល់ទាញកាំបិតខ្វែវ កាប់ប្រហារទៅលើម្តាយ បណ្តាលឱ្យត្រូវចំកញ្ចឹងក ដួលផ្កាប់មុខ ដេកស្លាប់ ក្នុងថ្លុកឈាម។ ក្រោយមក ឪពុកចុងនោះ ចាប់ច្របាច់កនាង បម្រុងសម្លាប់ បំបិទមាត់ តែនាងបានរើខ្លួនរួច ក៏ត្រូវឪពុកចុងកំណាច ទាញខ្វែវ គប់ត្រូវដៃឆ្វេង រងរបួសស្រាល ហើយនាងខំប្រឹងរត់គេចខ្លួន ទៅពួនសម្ងំលាក់ខ្លួន ក្នុងព្រៃដំឡូងមីពេញមួយយប់។ លុះដល់ពេលព្រឹកឡើង ក៏ប្រទះឃើញឪពុកចុងចងកស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
ជាមួយនេះនាង បាននិយាយរឿងគួរឱ្យហួសចិត្តមួយថា ឪពុកចុងរូបនេះ មានបំណងចង់ធ្វើបាបនាង ដោយមិនឱ្យនាងចូលរៀនសូត្រឬចេញទៅធ្វើការឆ្ងាយពីគាត់ និងហាមនិយាយជាមួយប្រុសជាដាច់ខាតគឺគាត់ទៅណា ក៏យកទៅតាមរហូត ។
ចំណែកអ្នកជិតខាង បានបង្ហើបឱ្យដឹងដែរថា បុរសជាឪពុកចុងម្នាក់នេះ ទំនងជាស្រឡាញ់កូនរបស់ខ្លួន ខណ:ម្តាយរបស់នាង កាន់តែចាស់ ហើយកូនស្រីកាន់តែធំឡើងពេញរូបពេញរាង កាន់តែស្អាត ទើបអ្នកជិតខាង តែងតែណែនាំឱ្យនាងមានការប្រុងប្រយ័ត្នខ្លួនជាប់ជានិច្ច កុំប្រហែសជាមួយនឹងឪពុកចុងម្នាក់នេះ ឱ្យសោះ ព្រោះមានរឿងហេតុកើតឡើងជារឿយៗនៅក្នុងសង្គមខ្មែរយើងសព្វថ្ងៃនេះ៕
ដោយ ៖ ប្រាថ្នា