លោក Xavi ត្រូវបានគេបង្ហាញខ្លួនជាអ្នកចាត់ការថ្មីរបស់ក្លិប Barcelona ហើយនៅកីឡដ្ឋាន Nou Camp។ វីរបុរសរបស់ក្លិបកាតាឡាន់មួយនេះបានត្រឡប់មកក្លិបវិញដើម្បីជំនួសតំណែងលោក Ronald Koemanដែលត្រូវបានបណ្តេញចេញបន្ទាប់ពីដឹកនាំបាន១៤ខែ។
ក្លិប Barcelona មានការប្តូរគ្រូបង្វឹកញឹកញាប់រយៈពេលចុងក្រោយនេះបន្ទាប់ពីគ្រូបង្វឹក៤នាក់ក្នុងរយៈពេលតិចជាងពីរឆ្នាំ។ លោក Xavi បានចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកនៅក្លិប Al-Sadd ដើម្បីត្រឡប់ទៅក្លិបចាស់ដែលគាត់ធ្លាប់លេងនិងទទួលបានភាពជោគជ័យ ។
អតីតកីឡាករវ័យ៤១ឆ្នាំរូបនេះត្រូវបានបង្ហាញដល់អ្នកគាំទ្រជាទីគោរពរបស់គាត់នៅឯកីឡដ្ឋានរបស់ក្លិបកាលពីថ្ងៃចន្ទ។ លោក Xavi នឹងសង្ឃឹមថា វាមិនមែនជាសញ្ញាដ៏អាក្រក់នោះទេ ជាមួយនឹងក្លិបយក្ស LaLiga ដែលបណ្តេញគ្រូបង្វឹក៤នាក់ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំកន្លះនៅ Barcelona ។ ពីមុនគាត់ត្រូវបានគេមើលឃើញថាបានត្រៀមខ្លួន ខណៈដែលគាត់បាននិយាយលាដោយអារម្មណ៍ដល់កីឡាកររបស់គាត់នៅក្លិប Al-Sadd ។
បច្ចុប្បន្នក្រុមអតីតរបស់គាត់មិនទាន់ចាញ់នៅរដូវកាលនេះក្នុងប្រទេសកាតា ហើយឈរនៅលើកំពូលតារាងលីគ។ អតីតកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះបានបញ្ចប់អាជីពលេងនៅក្លិបមជ្ឈិមបូព៌ា ក្រោយចាកចេញពី Barcelona ក្នុងឆ្នាំ២០១៥ ហើយគាត់នឹងក្លាយជាអ្នកចាត់ការក្រុម Al-Sadd នៅឆ្នាំ ២០១៩។
បន្ទាប់ពីបានកាន់តំណែងនេះ គាត់បានឈ្នះពានរង្វាន់លីគកាលពីរដូវកាលមុន ក៏ដូចជាពានរង្វាន់ក្នុងស្រុកមួយចំនួនផងដែរ។ ក្នុងការចាកចេញរបស់គាត់ ក្លិប Al-Sadd បានបញ្ជាក់ថា “រដ្ឋបាលបានយល់ព្រមលើការផ្លាស់ប្តូររបស់ Xavi ទៅកាន់ Barcelona បន្ទាប់ពីការទូទាត់នៃលក្ខខណ្ឌនៃការព្រមព្រៀងដែលមានចែងក្នុងកិច្ចសន្យា។ យើងបានយល់ព្រមលើកិច្ចសហប្រតិបត្តិការជាមួយ Barcelona នាពេលអនាគត។ Xavi គឺជាផ្នែកមួយដ៏សំខាន់នៃប្រវត្តិសាស្រ្តរបស់ក្លិប Al-Sadd ហើយយើងសូមជូនពរឱ្យគាត់ទទួលបានជោគជ័យ”។
ក្លិប Al-Sadd បានបន្តថា “Xavi បានប្រាប់យើងកាលពីប៉ុន្មានថ្ងៃមុនអំពីបំណងប្រាថ្នារបស់គាត់ក្នុងការទៅ Barcelona នៅពេលជាក់លាក់នេះ ដោយសារតែដំណាក់កាលដ៏សំខាន់ដែលក្លិបកំណើតរបស់គាត់កំពុងឆ្លងកាត់ ហើយយើងយល់ពីរឿងនេះ”។
លោក Xavi បានត្រឡប់ទៅ Barcelona ជាមួយនឹងក្រុមចាស់របស់គាត់ដែលបានជួបការលំបាកក្នុងរដូវកាលនេះ បន្ទាប់ពីរដូវក្តៅធ្វើឲ្យខ្សែប្រយុទ្ធឆ្នើម Lionel Messi បង្ខំចិត្តចាកចេញ។ ពួកគេឈរនៅលេខរៀងទី៩ក្នុងតារាង La Liga បន្ទាប់ពីការប្រកួតចំនួន១២កន្លងមក ៕
ដោយ៖ ភារៈ(រូបភាព ៖ the sun)