ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា សូមឧទ្ទិសទិវានេះដល់ការរឭកនឹកដល់ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដ៏ថ្លៃថ្លានៃព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ក្នុងឆ្នាំ១៩៥៣ ដែលបានទទួលជោគជ័យក្នុងការទទួលបាននូវឯករាជ្យពេញបរិបូរណ៍ជូនជាតិមាតុភូមិ។
បុណ្យឯករាជ្យជាតិ គឺជាការរំឭកផងដែរនូវសិទ្ធិស្វ័យសម្រេចលើជោគវាសនាខ្លួនឯង ទាំងការងារសេដ្ឋកិច្ច សង្គម នយោបាយទាំងក្នុង និងក្រៅប្រទេស ដែលក្នុងនាមជាយុវជនជំនាន់ក្រោយ ពួកយើងពិតជាមានមោទកភាព ជាពិសេសនូវអ្វីដែលកម្ពុជាបានសម្រេចបានក្នុងរយៈពេលប្រមាណ ៤០ ឆ្នាំចុងក្រោយនេះ។
នាឱកាសខួបលើកទី៦៨ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០២១ ន ព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរជាឱឡារិកទិវាបុណ្យដ៏ អធិកអធមនេះ ដើម្បីរំលឹកឡើងវិញ និងបន្តលើកស្ទួយវីរភាពដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមនៃព្រះរាជបូជនីយកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ» ដែលទ្រង់បានតស៊ូ ទាមទារជូនកម្ពុជាឲ្យទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ព្រមពេលជាមួយគ្នានេះផងដែរ ទន្ទឹមនឹងខួបលើកទី៦៨ នៃថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏សូមវាយតម្លៃខ្ពស់ចំពោះវីរភាព ការពលិកម្មជីវិត ការតស៊ូលះបង់គ្រប់បែបយ៉ាង របស់កងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលស្ថិតនៅជាមួយរាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេស ក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនៅគ្រប់កាលៈទេសៈដែលយុវជនជំនាន់ក្រោយតែងតែ ចងចាំជានិច្ច និងមិនអាចបំភ្លេចបាន។
ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា បុណ្យឯករាជ្យជាតិ គឺជាការរំលឹកពីសិទ្ធិស្វ័យសម្រេចលើ ជោគវាសនារបស់ជាតិដោយខ្មែរខ្លួនឯង ទាំងការងារសេដ្ឋកិច្ច សង្គម នយោបាយទាំងក្នុង និងក្រៅប្រទេស ដែលថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានមោទកភាពក្រៃលែងចំពោះអ្វីដែលកម្ពុជាសម្រេចបានដោយខ្លួនឯង ក្នុងរយៈពេលប្រមាណជាង ៤០ ឆ្នាំ ចុងក្រោយ ជាពិសេស រយៈពេល ២០ឆ្នាំជាង បន្ទាប់ពីការសម្រេចបានដោយជោគជ័យនូវការអនុវត្ត នយោបាយឈ្នះ-ឈ្នះ ទោះកម្ពុជាធ្លាប់ទទួលរងនូវសង្គ្រាមដ៏រ៉ាំរ៉ៃ របបប្រល័យពូជសាសន៍ដ៏ឃោរឃៅ ការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីបរទេសក៏ដោយ។
ក្នុងស្មារតីនេះ សហភាពសហព័ន្ធយុវជនកម្ពុជា សូម “អរគុណដល់សន្តិភាព» និងគោរពកោតសរសើរ យ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដឹកនាំប្រកបដោយទំនួលខុសត្រូវ ការលះបង់ និង
កិច្ចខិតខំប្រឹងប្រែងដើម្បីតម្កល់ប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសក្នុងការការពារបូរណភាព : ទឹកដី ការពង្រីកវប្បធម៌សន្តិភាព ការផ្សះផ្សា បង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបេតយ្យ សិទ្ធិសេរីភាព នីតិរដ្ឋ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការការពារសន្តិសុខ សុវត្ថិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម ព្រមទាំងការកែលម្អអភិបាលកិច្ចដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច សមធម៌សង្គម និងការអភិវឌ្ឍជាតិនៅ គ្រប់វិស័យ ក៏ដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបង្ហាញយ៉ាងច្បាស់ពីចក្ខុវិស័យដ៏វែងឆ្ងាយ សមត្ថភាពដឹកនាំ ការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជាតិ និងអាយុជីវិតប្រជាពលរដ្ឋគ្រប់ៗរូប។
ជាថ្មីម្តងទៀត និងក្នុងស្មារតីដូចបញ្ជាក់ជូនខាងលើ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធ យុវជនកម្ពុជាទូទាំងប្រទេស សូមបន្តដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមនៃ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គទ្រង់បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋា ឲ្យរួបរួមសាមគ្គីជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ ផ្អែកលើ មូលដ្ឋានសាមគ្គីភាព ក្នុងស្ថានភាពដែលសង្គមជាតិទាំងមូលទទួលផលពីសន្តិភាព និងស្ថិរភាពនយោបាយ៕
ដោយ ៖ សុខ ខេមរា