ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា ៖ អបអរសាទរខួបលើកទី៦៨ ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា!

ចែករំលែក៖

ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ គឺជាខួបលើកទី ៦៨ឆ្នាំ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២១) នៃទិវាឯករាជ្យជាតិ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងពីអាណានិគមនិយមបារាំងដែលបានដាក់នឹមអាណានិគម មកលើកម្ពុជា អស់រយៈពេល ៩០ឆ្នាំ (១៨៦៣-១៩៥៣) ។

លោកថ្លែងបន្តថា, ឯករាជ្យជាតិដែលជាមហាប្រវត្តិសាស្ត្រនេះ សម្រេចបានក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ឈ្លាសវៃ និងខ្ញៀវខ្ញាររបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ ព្រះបិតាបង្រួបបង្រួមជាតិ នៃយើង ។

ដើម្បីជាការចងចាំនូវព្រះរាជស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តម នៃការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង វិមានឯករាជ្យ ត្រូវបានកសាង និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៥៨ ក្នុងព្រះរាជព្រះបាទ នរោត្តម សុរាម្រិត ដែលជាព្រះវររាជបិតារបស់សម្តេព្រះ នរោត្តម សីហនុ ។

វិមានឯករាជ្យ ជានិមិត្តរូបបញ្ជាក់ថា ប្រទេសកម្ពុជាយើង បានទទួលឯករាជ្យពីប្រទេសបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ផងដែរ ។

លោករដ្ឋលេខាធិការ បានបន្តថា, ប្រទេសកម្ពុជា តែងតែប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ដោយមានពិធីប្រទានភ្លើងទានជ័យ រម្លឹកគុណអ្នកស្នេហាជាតិដែលបានពលីជីវិត ដើម្បីទាមទារឯករាជ្យពីពួកអាណានិគមបារាំង ហើយពិធីបូជានេះ ក៏ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ ខែវិច្ឆិកា គឺមានរយៈពេល ៣ថ្ងៃ ។

លោក ស សុខា គូសបញ្ជាក់ថា, ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយមួយរូប សូមចងចាំ និងដឹងគុណជានិច្ចចំពោះស្នាព្រះហស្ថដ៏ឧត្តុង្គឧត្តម ក្នុងការទាមទារឯករាជ្យពីប្រទេសបារាំង នៃព្រះបរមរតនកោដ្ឋ និងប្តេជ្ញាចូលរួមថែរក្សាការពារឯករាជ្យជាតិ ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ៕

ដោយ ៖ សិលា


ចែករំលែក៖