ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូកាកបាទក្រហមកម្ពុជា​ ចូលរួមពិធីប្រទានភ្លើងជ័យ ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២១) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ​

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី ៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី ពុំចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូ និងយុវជនកាកបាទក្រហមកម្ពុជា ចូលរួមពិធី ប្រទានភ្លើងជ័យ ខួបអនុស្សាវរីយ៍លើកទី ៦៨ឆ្នាំ នៃទិវា បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២១) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ 

ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម នៃព្រះវររាជបិតាឯករាជ្យជាតិ ប្រទេសកម្ពុជាទទួលបានឯករាជ្យដ៏ពេញលេញបរិបូរណ៍ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ប្រទេសកម្ពុជាយើង តាំងពីត្រឡប់បានឋានៈជាប្រទេសឯករាជ្យ អព្យាក្រឹត ពុទ្ធសាសនិក កើតមានសង្គមរាស្ត្រនិយម ដោយព្រះគតិបណ្ឌិតដ៏ឈ្លាសវាងវៃភ្លឺថ្លានៃ សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ របស់យើង រៀងមក យើងមាន សាមគ្គី ស្រុះគ្នាដូចគេវេញខ្សែបញ្ចូលធ្លុងមាំមួនរឹងប៉ឹង យើងបានប្រកបដោយ សន្តិសុខ សន្តិភាព វឌ្ឍនភាព លូតលាស់ ចម្រុងចម្រើន កើតកើន ឡើងជានិច្ច ស្ទើរតែនឹងគណនាត្រារាប់ពុំបានប្រមាណពុំអស់ មានកិត្តិនាមថា ខ្មែរជួយខ្មែរគ្នាឯងដោយពេញសមត្ថភាព, ខ្មែរបង្កើតជីវភាពខ្លួនឯង, បង្កើតសុខសន្តិភាពខ្លួនឯង, បង្កើតវឌ្ឍនភាពខ្លួនឯង, ខ្មែរមានកល្យាណមិត្រច្រើន រហូតធ្វើឲ្យពិភពលោក ទទួលស្គាល់ និងប្រសិទ្ធនាមព្រះរាជាណាចក្រកម្ពុជា ថាកោះសន្តិភាពនៅទ្វីបអាសុី។  

កូនចៅ ចៅទួត ប្រជានុរាស្រ្តកម្ពុជាគ្រប់ៗរូបសូមចងចាំ និងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង ចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាជាតិ និងប្រជារាស្រ្តកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖