ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តសៀមរាបអញ្ជើញប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបុណ្យឯករាជ្យជាតិ

ចែករំលែក៖

ខេត្តសៀមរាប : នៅថ្ងៃទី ០៩ វិច្ឆិកា គឺជាថ្ងៃប្រវតិ្តសាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវឯករាជ្យ ក្រោមព្រះរាជបូជនិយកិច្ច របស់ព្រះករុណាសម្តេច ព្រះនរោត្តម  សីហនុ  ព្រះបរមរតនកោដ្ឋ ពីពួកអាណានិគមបារាំងសេស ហើយត្រូវបានថ្នាក់ ដឹកនាំ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា ១៩៥៣ និង០៩ វិច្ឆិកា ២០២១ ទោះបីព្រះអង្គ បានយាងចូលទីវង្គត់ក៏ពិតមែន តែស្មាតី៩វិច្ឆិកា បានស្ថិតនៅជាប់ក្នុងក្រអៅបេះដូងប្រជានុរាស្ត្រខ្មែរយើងគ្រប់រូបនូវស្នាព្រះហស្ត៍របស់ព្រះអង្គដល់សង្គមខ្មែរទាំងវិស័យពុទ្ធចក្រ និង អាណាចក្រប្រកបដោយព្រះបញ្ញាញាណដ៏ភ្លឺថ្លាគ្រប់កាលៈទេសៈ ដឹកនាំប្រទេសជាតិក្នុងសម័យសង្គមរាស្ត្រនិយម ។  ទោះបីក្នុងបរិបទកូវីដ-១៩ក៏ពិតមែន នៅខេត្តសៀមរាប ដែលមានថ្នាក់ដឹកនាំលោក លោកស្រី  ជាក្រុមប្រឹក្សាខេត្ត  គណៈអភិបាលខេត្ត  អាជ្ញាធរជាតិអប្សរា មេបញ្ជាការ បញ្ជាការរងតំបន់ប្រតិបត្តិការសិករង ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង សិស្សានុសិស្ស បានអញ្ជើញចូលរួមមានការកំណត់ នៅបរិវេណវិមានរំលឹកគុណយុទ្ធជន ខេត្តសៀមរាប  ក្រោមវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត ។ 

ក្នុងការរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៦៨ ជាថ្ងៃទិវាឯករាជ្យជាតិ០៩វិច្ឆិកា ជាការរំលឹកនូវស្នាព្រះហស្ត៍ព្រះរាជបូជនិយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បាន លះបង់ព្រះកាយពល ព្រះបញ្ញាញាណយ៉ាងខ្លាំងក្លាតស៊ូរ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនិយកិច្ច ក្នុងការទាមទាឯករាជ្យ នៅកម្ពុជា ឲ្យបានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង និង បានប្រកាសឯករាជ្យជាតិ នាថ្ងៃទី ០៩ វិច្ឆិកា ១៩៥៣  នៃព្រះវីរៈភាពដ៏អង់អាចក្លាហាននេះ គឺជាព្រះរាជគំរូដ៏ល្អដល់កូនចៅជំនាន់ក្រោយ ក្នុងការកសាង ការ ពារបូរណភាពទឹកដី។  ផ្តើមចេញពីគំរូព្រះវីរៈភាពនេះ  រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទាំងមូល មានកិច្ចអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងទទួលយកនូវក្រុមនិន្នាការនយោបាយ មកចូលរួមក្នុងការ អភិវឌ្ឍន៍សង្គមជាតិផងដែរ។ ក្នុងវិបត្តិកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់ ពីសុខភាព សាធារណៈជូនប្រជាពលរដ្ឋ ដោយខិតខំស្វែងរកនូវវ៉ាក់សាំងការពារប្រឆាំងជំងឺកូវីដ-១៩ ចាក់ជូនដល់ប្រជាពលរដ្ឋបាន គ្រប់ៗគ្នា ចាប់ពីកុមារអាយុ៥ ឡើងទៅ ។ 

ក្នុងពិធីនោះដែរនៅតាមបណ្តាផែន  ក្រុមប្រឹក្សាខេត្ត  គណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា សាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព បានអញ្ជើញដាក់នូវកម្រងផ្កា បូជាទៀនធូក គោរពព្រះដួងវិញ្ញាណក្ខន្ធថ្វាយជូនព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង វិញ្ញាណក្ខន្ធវីរៈភាពរបស់បុព្វបុរស កម្មាភិបាល យុទ្ធជន យុទ្ធនារី  អ្នកស្នេហាជាតិមាតុភូមិ ក្នុងការសង្គ្រោះជាតិនិងប្រជាជន ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង អ្នកសេ្នហាជាតិគ្រប់ជំនាន់ ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ កសាងការពារជាតិមាតុភូមិ  ដើមី្បភាពសុខសាន្ត ដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖