ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ូក សោភ័ណ ចុះបំពេញទស្សនកិច្ចសិក្សាក្រុមហ៊ុន Wangnamyen Dairy Co-Operative., Ltd. ដើម្បីស្វែងយល់ពីការងារអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មទឹកដោះគោស្រស់ថៃ !

ចែករំលែក៖

ប្រទេសថៃ ៖ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់អោយដឹងថា, កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមុិញ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានដឹកនាំមន្ត្រីការទូត ដែលមានការចូលរួមពីថ្នាក់ដឹកនាំអគ្គកុងស៊ុលកម្ពុជាខេត្តសាកែវ ចុះបំពេញទស្សនកិច្ចសិក្សាក្រុមហ៊ុន Wangnamyen Dairy Co-Operative., Ltd. ដើម្បីស្វែងយល់ពីការងារអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មទឹកដោះគោស្រស់ថៃ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបន្តថា, នៅក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានសាទរចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានជម្រាបជូនលោក Amnuay Tongkok អគ្គនាយកក្រុមហ៊ុន Wangnamyen អំពីកិច្ចប្រឹងប្រែងរបស់ស្ថានទូតក្នុងការអនុវត្តការទូតសេដ្ឋកិច្ច (ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌) និងការផ្សព្វផ្សាយយុទ្ធសាស្ត្រថៃបូកមួយ ដើម្បីកៀងគរវិនិយោគិន សំដៅធ្វើពិពិធកម្មឱកាសការងារជូនប្រជាជន និងចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ។

ជាការឆ្លើយតប លោកអគ្គនាយក Amnuay Tongkok បានថ្លែងអំណរគុណចំពោះគណៈប្រតិភូស្ថានទូត និងបានរាយការណ៍ជូន លោកឯកអគ្គរាជទូត អំពីកិច្ចសហការរវាងក្រុមហ៊ុន និងរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការតម្លើងម៉ាស៊ីនរឹតទឹកដោះគោស្រស់នៅ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប» នៃខេត្តព្រះវិហារ ដើម្បីពង្រីកប្រតិបត្តិការនៅកម្ពុជា នាពេលអនាគត៕

ដោយ ៖ សិលា


ចែករំលែក៖