ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តធ្លាក់ចូលស្រះទឹកបណ្ដាលឱ្យស្លាប់និង២នាក់ទៀតបើកម៉ូតូបុកគ្នារបួសធ្ងន់នៅស្រុកស្វាយជ្រំ

ចែករំលែក៖

   ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា ក្នុងនោះមានបុរសម្នាក់បើករថយន្តប្រើប្រាស់ល្បឿនលឿនធ្វើឱ្យរេចង្កូតធ្លាក់ចូលស្រះទឹកនិង២នាក់ទៀតរងរបួសធ្ងន់ដោយសារតែជិះម៉ូតូបុកគ្នានៅស្រុកស្វាយជ្រំ។

   សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវកៅស៊ូADBភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានម៉ូតូម៉ាកហុងដាវ៉េវ អាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១C-១៥៦៧ បើកបរដោយឈ្មោះសូ សាវី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបុកជាមួយម៉ូតូម៉ាកហុងដាវ៉េវអាល់ហ្វាសណ្តោងរុឺម៉កដឹកបាវស្រូវ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះមាស ផល្លា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀងដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួសទាំងសងខាង។

  សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារតែម៉ូតូអាល់ហ្វាសណ្តោងរុឺម៉កដឹកបាវស្រូវបើកបរមិនប្រកាន់ស្ដាំ។

   ករណីទី២បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ ២០២១នៅចំណុចគីឡូម៉ែត្រលេខ១០៦និងលេខ១០៧ស្ថិតនៅភូមិគោកកណ្ដោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានរថយន្តម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខស្វាយរៀង ២A-១៣៣១ បើកបរដោយឈ្មោះ ជុំ​  ពិសី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ដោយធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចកើតហេតុខាងលើដោយសារប្រើប្រាស់ល្បឿនលឿនបានរេចង្កូតធ្លាក់ចូលស្រះទឹកបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

បច្ចុប្បន្នចំពោះរថយន្តនិងសាកសពត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីស្រាវជ្រាវរកក្រុមគ្រួសារដើម្បីប្រគល់ឱ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន

 


ចែករំលែក៖