ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៦នាក់ត្រូវបាននគរបាលបញ្ជូនទៅតុលាការពាក់ព័ន្ធករណីធាក់ប្លន់និងប្រើដាវកាប់យកម៉ូតូក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានបើកការស៊ើបសួរលើសំណុំរឿងរបស់ជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធបទល្មើស «ធ្វើសកម្មភាពធាក់ម៉ូតូផ្តួលរួចយកកំបិតនិងដាវកាប់ម្ចាស់ប្លន់យកម៉ូតូក្នុង៣ករណីផ្សេងគ្នា» ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ និងធ្វើការបង្ហាញមុខជាសាធារណៈ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិង្សាទាំងនោះត្រូវបាននគរបាលឱ្យដឹងថា ១-ឈ្មោះឌឹម ប៉េងអុី អាយុ១៨ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ២-ឈ្មោះអាន សត្យា ហៅយ៉ា អាយុ១៨ឆ្នាំ មានមុខរបរជាជាងម៉ាស៊ីនត្រជាក់, ៣-ឈ្មោះសេង បូរី អាយុ១៨ឆ្នាំ ជាសិស្ស , ៤-ឈ្មោះគឹម សុខសានបញ្ញា អាយុ១៨ឆ្នាំ ជាសិស្ស, ៥-ឈ្មោះឡាយ ស្រីមាន ហៅទីអាយុ១៧ឆ្នាំ ជាអ្នកលក់អីវ៉ាន់តាមអនឡាញ និង៦-ឈ្មោះហ៊ួនស៊ិងអាយុ៣៣ឆ្នាំ ជាគ្រូបង្រៀន មានលំនៅឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

នគរបាលជំនាញបានឱ្យដឹងថាជនសង្ស័យទាំង៦នាក់ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួន បានជាបន្តបន្ទាប់កាលពីថ្ងៃទី០៥ ទី០៦និងទី០៧ ខែ វិច្ឆិកាឆ្នាំ២០២១ បន្ទាប់ពីធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិង្សា (ធាក់ម៉ូតូផ្តួលរួចយកកំបិតនិងដាវកាប់ប្លន់យកម៉ូតូ) ក្នុង៣ករណីផ្សេងគ្នា។នៅក្នុងការឃាត់ខ្លួននគរបាលក៏បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ ខណ្ឌដូនពេញ និងអធិការដ្ឋាន នគរបាលស្រុកស្វាយអន្ទរ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងផងដែរ។

មន្រ្តីជំនាញបានបន្តឱ្យដឹងទៀតថា ជនសង្ស័យជាមុខសញ្ញាធាក់ប្លន់កាប់យកម៉ូតូយ៉ាងសកម្មចំនួន៣ករណីផ្សេងគ្នា គឺទី១-ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ក្នុងភូមិ ប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោងប្រមាណ៤និង៣០នាទីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២១ ធាក់និងកាប់ប្លន់យកម៉ូតូម៉ាកហុង ឌ្រីមស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ១GW-៩៥២៧។ ករណីទី២-នៅចំណុចភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីវេលាម៉ោងប្រមាណ៥ទៀបភ្លឺថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២១ និងលើកទី៣-កាប់ប្លន់យកម៉ូតូកាលពីថ្ងៃទី២៩ខែតុលា ឆ្នាំ២០២១ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។បន្ទាប់ពីឃាត់ខ្លួននគរបាលដកហូតបានម៉ូតូជនរងគ្រោះ និង ម៉ូតូដែលជិះធ្វើសកម្មភាពចំនួន៥គ្រឿងព្រមទាំងស្លាកលេខម៉ូតូមួយចំនួនផងដែរ។បច្ចុប្បន្នក្រុមជនត្រូវចោទទាំង៦នាក់នេះកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ។ បន្ទាប់មកនឹងធ្វើការចោទប្រកាន់បញ្ជូនទៅចៅក្រមស៊ើបសួរបន្តទៀតតាមនីតិវិធី៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖