ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូខេត្តព្រៃវែងទៅប្រជុំពិភក្សាជាមួយថ្នាក់ដឹកនាំខេត្តដុងថាប់

ចែករំលែក៖

ប្រទេសកម្ពុជា +ប្រទេសវៀតណាម : នៅថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូខេត្តព្រៃវែងទៅប្រជុំពិភក្សាជាមួយថ្នាក់ដឹកនាំខេត្តដុងថាប់ ដឹកនាំដោយលោក ផាម ធាន ងា ប្រធានគណៈកម្មាការប្រជាជនខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅទីស្នាក់ការច្រកទ្វារអន្តរជាតិធឿងភឿក-កោះរកា ដើម្បីពិភាក្សាលើខ្លឹមសារកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ព្រៃវែង-ដុងថាប់ និងពិភាក្សាលើការនាំចេញ-នាំចូលទំនិញកសិផលឆ្លងកាត់ព្រំដែន។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំពិភាក្សានេះ ផ្តោតលើខ្លឹមសារសំខាន់ៗ ដូចជាៈ

១- លើកកម្ពស់ស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងសាមគ្គីភាពយូរអង្វែង ជាមួយសកម្មភាពជួយគាំទ្រគ្នាទៅវិញ ទៅមក ដោយផ្អែកលើគោលការណ៍ស្មើភាព ផលប្រយោជន៍រវាងគ្នាទៅវិញទៅមក គោរពអត្តសញ្ញាណវប្បធម៌ និងទំនៀមទម្លាប់នៃជាតិរៀងៗខ្លួន។ 

២- ភាគីទាំងពីរ បានបន្តជំរុញកិច្ចសហប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែនជាប់ខេត្តព្រៃវែង (កម្ពុជា) និងខេត្តដុងថាប់ (វៀតណាម) និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទរវាងខេត្តទាំងពីរ។

បន្ទាប់ពីការពិភក្សាការងារលើខ្លឹមសារខាងលើរួច ថ្នាក់ដឹកនាំខេត្តព្រៃវែង និងខេត្តដុងថាប់ បានប្រគល់វត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក និងថតរូបអនុស្សាវរីយ៍ជាមួយគ្នាផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖