ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកសត្វល្មិចឬអណ្តើកសមុទ្រទម្ងន់ធ្ងន់ចំនួន២ក្បាលទៀតហើយទៅលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការលែងសត្វល្មិចឬអណ្តើកសមុទ្រលើកទី១២៨។
សូមបញ្ជាក់ជូនថា, គ្រប់ពេលដែលនាំយកសត្វល្មិចឬអណ្តើកសមុទ្រ ទៅលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វល្មិចឬអណ្តើកសមុទ្រដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិចឬអណ្តើកសមុទ្រលើកនេះគឺ KH 0388 និងKH 0389។
ក្នុងពេលរៀបចំលែងសត្វល្មិចឬអណ្តើកសមុទ្រ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វល្មិចឬអណ្តើកសមុទ្រដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។
នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វល្មិចឬអណ្តើកសមុទ្រ តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕
ដោយ៖ ឆ្លាម សមុទ្រ