ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៊ីម៉ងត៍បុករថយន្តក្រឡុកស៊ីម៉ងត៍ដូចគ្នាហើយរេចង្កូតបុកចូលស្ថានីយប្រេងឥន្ធនៈមួយកន្លែងទៀត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងបេីកបរលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងទៀតរួចបន្តបុកចូលស្ថានីយប្រេងឥន្ធនៈមួយកន្លែង(យីហោ លី ហ៊ាង) ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ កែងនឹងផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩យប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ5A-2359 បើកតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកគូទរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងទៀតនៅខាងមុខយ៉ាងពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ រួចបានរេចង្កូតមកខាងស្ដាំដៃបុកចូលស្ថានីយប្រេងឥន្ធនៈយីហោ លីហ៊ាង បណ្ដាលឱ្យរនាំងដែកដែលបានបាំងនៅជុំវិញស្ថានីយប្រេងឥន្ធនៈខូចខាតបន្តិចបន្តួច រីឯរថយន្តទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ ហើយបានឱ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នា។ បន្ទាប់មកភាគីទាំងពីរដោយសារជាអ្នកស្គាល់គ្នាផង គឺបានឯកភាពគ្នារង់ចាំថ្ងៃស្អែកសុំធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង។ បន្ទាប់មករថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងបានមកអូសយករថយន្តក្រឡុកស៊ីម៉ងត៍ដែលជារថយន្តបង្កហេតុទៅធ្វើការជួសជុលដោយខ្លួនឯង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖