ខេត្តស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញចូលរួមអង្គកឋិនទានចំនួន ២វត្ត គឺ វត្តស្វាយព្រហូត ស្ថិតក្នុងភូមិស្វាយព្រហូត ឃុំគោកព្រីង និង វត្តចារ ស្ថិតក្នុងភូមិស្វាយមីង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ។
អង្គកឋិនទាន គឺជាបុណ្យមួយដែលប្រជាពុទ្ធបរស័ទ្ធខ្មែរយើងបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំបន្ទាប់ ពីបុណ្យចូលព្រះវស្សាផុតទៅ ដែលមានរយៈពេលធ្វើបុណ្យកឋិនទាននេះមានតែរយៈពេល ២៩ថ្ងៃ ហើយក្នុងវត្តនីមួយៗ បានដង្ហែរអង្គកឋិនទានបានតែម្តងក្នុងមួយឆ្នាំ ដើម្បីនាំមកនូវគ្រឿងទេយ្យទានជាអង្គកឋិនមាន ស្បង់ ចីវរនិងសង្ឃដី ក្រៅពីនេះ គឺជាបរិក្ខារបស់អង្គកឋិនទាំងអស់ រួមនិងបច្ច័យជាច្រើនទៀងសម្រាប់នាំមកវេរប្រគេនដល់ព្រះសង្ឃដែលគង្សចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមានីមួយៗសម្រាប់ប្រើប្រាស់កសាងសមិទ្ធិផលនានាក្នុងទីអារាម ។
ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះលោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរុងចំរើនជារៀងរហូតទៅ៕
ដោយ៖សហការី