ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលការចូលជួបសម្តែងការគួរសម របស់លោក Khaled KHIARI ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងឱកាសមកបំពេញបេសកកម្មនៅកម្ពុជា។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា, នៅព្រឹកនេះ ខ្ញុំបានទទួលការចូលជួបសម្តែងការគួរសម របស់លោក Khaled KHIARI ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងឱកាសមកបំពេញបេសកកម្មនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា, ប្រធានបទការពិភាក្សារបស់យើងមានដូចជា ដំណើរអភិវឌ្ឍន៍របស់កម្ពុជា ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា តួនាទី និងការចូលរួមចំណែករបស់យើងក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ។
លោកបញ្ជាក់ថា, លោក KHIARI បានកោតសរសើរយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា។ យើងក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការស្តារឡើងវិញដែលយកចិត្តទុកដាក់លើបរិស្ថានក្រោយជំងឺកូវីដ-១៩ និងបន្តលើកកម្ពស់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព៕
ដោយ៖ សុខ ខេមរា