មានប្រសាសន៍តាមទូរទស្សន៍ នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានលើកឡើងពីបញ្ហានៃការឆ្លងកូវីដ-១៩ មានសញ្ញាកើនឡើងខ្ពស់ ព្រមទាំងសកម្មភាពចាក់វ៉ាក់សាំង បញ្ហាសេដ្ឋកិច្ច និងសង្គម។
ចំពោះស្ថានភាពនៃការឆ្លងកូវីដ-១៩ កើនឡើងខ្ពស់នាពេលចុងក្រោយនេះ ប្រធានាធិបតីម៉ាក្រុង បានលើកឡើងថា វីរុសមិនទាន់ទៅបាត់ទេ ដូច្នេះយើងចាំបាច់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ ហើយមនុស្សគ្រប់រូបត្រូវតែនាំគ្នាទៅចាក់វ៉ាក់សាំង ។ មកទល់ពេលនេះបារាំងនៅមានពលរដ្ឋប្រមាណ៦លាននាក់ទៀតមិនទាន់ចាក់វ៉ាក់សាំងនៅឡើយទេ។
ប្រធានាធិបតីម៉ាក្រុងបញ្ជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំង បើទោះបីឆ្លងក៏មិនប្រឈមនឹងការធ្លាក់ខ្លួនធ្ងន់ឬចូលពេទ្យនោះដែរ ។ បើប្រៀបធៀបនឹងអ្នកមិនចាក់វ៉ាក់សាំង គឺការចូលពេទ្យតិចជាង ដល់ទៅ១១ដង ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបារាំងប្រកាសថា មានករណីឆ្លងកូវីដ-១៩ជាង ១២ពាន់នាក់ក្នុងពេល២៤ម៉ោងកន្លងមក ។ បច្ចុប្បន្ននៅមានអ្នកជំងឺ ៦៨៥១នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្នុងនោះមាន ១១៤០នាក់ត្រូវព្យាបាលពិសេស និង ៤៩នាក់ស្លាប់។
ប្រធានាធិបតីបារាំងបញ្ជាក់ថា រលកកូវីដទី៥ បានវាយប្រហារអឺរ៉ុប ដោយមានករណីឆ្លងជាង៣ម៉ឺននាក់ក្នុងមួយថ្ងៃ។ ក្នុងចំណោមនោះ នៅបារាំងមាន៤០%។ លោកបន្តទៀតថា យើងគ្រប់គ្រងការឆ្លងបានដោយសារតែមានកាតសុខភាព ប៉ុន្តែជំងឺរាតត្បាតកូវីដ-១៩ មិនទាន់បញ្ចប់នៅឡើយទេ៕ដោយ៖ធីរីណា
ប្រធានាធិបតី Emmanuel Macron។ រូបភាព៖nhandan.vn