ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចេញសេចក្តីសម្រេចកែសម្រួសសមាសភាព គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ តែងតាំង លោក ជាវ តាយ ជាប្រធាន!!

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានរៀបចំ ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលមានលោក ជាវ តាយ ជាប្រធានគណៈកម្មាធិការសាខា និងលោកស្រី លាង ហៃ ជាវតាយ ជាអនុប្រធានកិត្តិយសសាខា និងជាប្រធានឥស្សរជនឆ្នើមថ្នាក់សាខាក្នុងអាណត្តិទី៥ ។ ពិធីនេះបានប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូហ្សូម ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា  ដោយមានការអញ្ជើញចូលរួម​ពីគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា គណៈកម្មការស្វែងរកមូលនិធិ​  ប្រធានកិត្តិយសអនុសាខា ប្រធានអនុសាខាស្រុកក្រុង មន្ត្រីទីស្នាក់ការកណ្តាល និងក្រុមប្រតិបត្តិសាខាសរុបចំនួន ៤៩នាក់។

ជាកិច្ចចាប់ផ្តើមសាខាមានមតិស្វាគមន៍ របាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២១។ ជាកិច្ចបន្តលោកស្រី ហួន ច័ន្ទបូរ៉ា​ នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានអានសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ និងកែសម្រួលតួនាទីភារកិច្ចគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្តិទី៥។ 

ឆ្លើយតបនឹងការផ្តល់ទំនុកចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាពេលនេះ លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខាថ្មី បានធ្វើការប្តេជ្ញាចិត្តដូចតទៅ « ខិតខំឱ្យអស់ពីកម្លាំង-កាយចិត្ត ប្រាជ្ញា ស្មារតី ចែករំលែកពេលវេលា ដោយឆន្ទៈ គោរពគោលការណ៍ គ្រឹះទាំង ៧ ប្រការរបស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សំដៅបម្រើឧត្តមប្រយោជន៍មនុស្សជាតិ រួមចំណែកឱ្យសម្រេចបានតាមទស្សនវិស័យ របស់កាកបាទក្រហមកម្ពុជា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់»។

នាឱកាសនេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់អង្គពិធីទាំងមូល និងបានកោតសរសើរចំពោះសកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលតែងតែបានឆ្លើយតបដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។ លោកស្រី មានប្រសាសន៍ណែនាំតម្រង់ទិសបន្ថែមថា« សូមឱ្យគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលមាន លោក ជាវ តាយ ជាប្រធាន  ត្រូវខិតខំប្រឹងប្រែងជួយសាខា ពង្រឹងភាពជាម្ចាស់ការលើគ្រប់វិស័យការងារ និងបន្តសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរស្ថាប័ន អង្គភាព អង្គការជាតិ-អន្តរជាតិ ក្នុងបុព្វហេតុ មនុស្សធម៌ គិតគូរដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ឱ្យបានល្អ និងកាន់តែប្រសើរជាងមុន ក្នុងអាណត្តិទី៥នេះ»៕

ដោយ ៖ សិលា


ចែករំលែក៖