ព័ត៌មានទាន់ហេតុការណ៍៖

សត្វតោនៅសួនសត្វសិង្ហបុរីឆ្លងកូវីដ-១៩

ចែករំលែក៖

មន្ត្រីសិង្ហបុរីនៅថ្ងៃទី១០ខែវិច្ឆិកា បានប្រកាសថា សត្វតោ៤ក្បាលនៅសួនសត្វ Night Safari ក្នុងប្រទេសសិង្ហបុរី បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ដោយបញ្ចេញអាការៈដូចជាក្អក កណ្តាស់ ។ សត្វតោទាំងនោះបានឆ្លងកូវីដ-១៩ ពីបុគ្គលិកថែរក្សាសួនសត្វ។
នៅពេលនេះសត្វតោដែលរកឃើញវិជ្ជមានកូវីដ-១៩ ត្រូវបានធ្វើចត្តាឡីស័ក កាត់ផ្តាច់ពីសត្វតោ៥ក្បាលទៀតនៅសួនសត្វ Night Safari ។
ក្រុមហ៊ុន Mandi Wildlife Group គ្រប់គ្រងសួនសត្វNight Safari បានឱ្យដឹងថា បើទោះបីបានឆ្លងកូវីដ-១៩ តែសត្វតោទាំងនោះមានសកម្មភាពរហ័សរហួន ហើយវានឹងជាសះស្បើយពីកូវីដ-១៩ក្នុងពេលឆាប់ៗក្រោយការព្យាបាល។
សួនសត្វ Night Safari ជាទីកន្លែងចិញ្ចឹមសត្វកណ្តាលវាល មានសត្វរាប់រយក្បាល ទុកឱ្យអ្នកទេសចរទៅកម្សាន្តនៅពេលយប់ ។ មានបុគ្គលិកសួនសត្វខាងលើចំនួន៣នាក់បានឆ្លងកូវីដ-១៩ ហើយបន្តឆ្លងទៅសត្វនៅខាងក្នុង។ នៅពេលនេះដែរសួនសត្វខាងលើនៅបើកទ្វារទទួលអ្នកទេសចរដដែល ហើយការឆ្លងកូវីដ-១៩ ពីសត្វទៅមនុស្សគឺមានទាបបំផុត ដោយសារតែនៅឆ្ងាយពីគ្នា។
កន្លងមក ក៏មានករណីសត្វតោនៅសួនសត្វអាមេរិកឆ្លងកូវីដ-១៩ផងដែរ ។ ក្រៅពីនេះ ក៏មានសត្វឆ្មា ឆ្កែ ក៏ធ្លាប់រកឃើញឆ្លងកូវីដ-១៩ ផងដែរ ៕ ដោយ៖ធីរីណា

សត្វតោនៅឧទ្យានរាត្រី Safari ។ (រូបថត៖ Night Safari)


ចែករំលែក៖