ខេត្តស្វាយរៀង៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង នៅរសៀលថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះពិនិត្យសមិទ្ធផលវឌ្ឍនភាពរបស់រដ្ឋបាលក្រុងស្វាយរៀង ក្នុងឆ្នាំ២០២១។
ក្នុងឱកាសនោះក៏មានការអញ្ជើញអមដំណើរដោយលោកអភិបាលរងក្រុង លោកនាយករដ្ឋបាលសាលាក្រុង និងលោកប្រធានការិយាល័យ ចំណុះសាលាក្រុងស្វាយរៀងផងដែរ។
យោងតាមមន្ត្រីសាលាក្រុងស្វាយរៀង បានឱ្យដឹងថាក្នុងក្រុងស្វាយរៀង បានទទួលការអភិវឌ្ឍន៍ជាច្រើនទៀតតាមបណ្តាសង្កាត់ទាំង ៧ក្រុង ដែលប្រើប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍របស់សង្កាត់ និងទទួល នូវការឧត្តម្ភសមិទ្ធផលធំៗពីរដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។
ប្រភពបន្តថានៅ ឆ្នាំ២០២១នេះ រដ្ឋបាលក្រុងស្វាយរៀងសម្រេចបានសមិទ្ធផល មួយចំនួនមានជាអាទិ៍ ការជួសជុលពិដានក្នុងអគារសាលប្រជុំ សាងសង់ខ្លោងទ្វាររបងថ្មី និងជួលជុលកែរលម្អរបងសាលាក្រុង លើសពីនេះទៅទៀតដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ រដ្ឋបាលក្រុងស្វាយរៀង បានសាងសង់ប្រពន្ធលូរំដោះទឹកមួយខ្សែប្រវែង ២៣៥ម៉ែត្រ នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលសមិទ្ធផលទាំងនេះប្រើប្រាស់ថវិកាអភិវឌ្ឍន៍របស់ក្រុងស្វាយរៀងផងដែរ៕
ដោយ៖ យឹម សូថាន