ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងស្អាត គឺត្រូវមានការចូលរួមសម្អាត ដោយយើងទាំងអស់គ្នា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារចម្រុះខេត្ត បានចុះត្រួតពិនិត្យករណីកាស៊ីណូវ៉ាងឆាវ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១០០ (វិថីឯករាជ្យ) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបញ្ចេញសំរាម និងកាកសំណល់ផ្ទះបាយខុសម៉ោងពេលដែលផ្ទុយពីការណែនាំរបស់អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម KSWM ព្រមទាំងមិនបានវេចខ្ចប់ឱ្យបានត្រឹមត្រូវ បណ្តាលឱ្យហៀរទឹកប្រឡាក់ពាសពេញផ្លូវថ្មើរជើង(កម្រាលថ្មក្រានីត) ធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និងសោភ័ណភាពទីក្រុងរបស់យើងជាខ្លាំង។ជាមួយគ្នានេះក្រុមការងារចម្រុះ បានធ្វើការណែនាំដល់ម្ចាស់កាស៊ីណូ ឱ្យប្រមូលយកកាកសំណល់ទាំងនោះទៅទុកដាក់ និងវេចខ្ចប់ឱ្យបានត្រឹមត្រូវ និងតម្រូវឱ្យធ្វើការលាងសម្អាតកម្រាលថ្មក្រានីតឱ្យស្អាតឡើងវិញ ព្រមទាំងបានធ្វើការអប់រំដល់ម្ចាស់កាស៊ីណូខាងលើ ត្រូវបញ្ចេញសំរាម តាមម៉ោងពេលដែលកំណត់ដោយ ការណែនាំរបស់អាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម KSWM។ ក្នុងករណីម្ចាស់កាស៊ីណូខាងលើ មិនព្រមធ្វើតាមការណែនាំ នោះក្រុមការងារនឹងអនុវត្តវិធានការរដ្ឋបាល ព្រមទាំងធ្វើការផាកពិន័យដោយគ្មានការលើកលែង៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖