ព័ត៌មានទាន់ហេតុការណ៍៖

លោកឧកញ៉ា លី សាយឃាង ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងតែតម្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ(មានវីដេអូ​)

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជិត៨យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនលោក ឧកញ៉ា លី សាយឃាង ធ្លាក់ក្នុងដៃចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ រហូតសម្រេចធ្វើការដោះលែង តែតម្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ នេះបើតាមការបង្ហើបឲ្យដឹងពីតុលាការ ។ 

លោកឧកញ៉ា លី សាយឃាង ត្រូវបានសមត្តកិច្ចនគរបាលនាំខ្លួនពីខេត្តសៀមរាបមកកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ដើម្បីសាកសួរលើសំណុំ រឿងពីបទ រំលោភលើទំនុកចិត្ត និងបទបរិហារកេរ្ដិ៍ជាសាធារណៈ ។

នេះបើយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១០៩២«ធ»ចដន ចុះថ្ងៃទី ០៨វិច្ឆិកា ឆ្នាំ២០២១ ចេញដោយលោក សេង លាង អនុប្រធាន នឹងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ 

លោកឧកញ៉ា លី សាយឃាង អាយុ៥៨ ឆ្នាំ មុខរបរពាណិជ្ជករ  មានទីលំនៅផ្ទះលេខ៥៣ ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី រំលោភលើទំនុកចិត្ត និងបរិហារកេរ្ដិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅសង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ ២០១៨ និងអំឡុងឆ្នាំ ២០១៩ ដែលបទល្មើសនេះមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ។ 

ហេតុដូច្នេះ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ លី សាយឃាង មកចំពោះចៅក្រមស៊ើបសួរ ដើម្បីធ្វើការសាកសួរបំភ្លឺការពិត និង បង្គាប់មកកងកម្លាំងសាធារណៈ ឲ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធី ។

តែទីបំផុតលោកឧកញ៉ា លី សាយឃាង បានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ ពីចូលខ្លួនហើយ សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជូនលោកឧក ញ៉ា មកកាន់រាជធានីភ្នំពេញនារសៀលថ្ងៃទី១០ ខែវិច្ឆិកា នេះ ។ សំណុំរឿងបានដល់ដៃចៅក្រមស៊ើបសួរ ដោយបានសាកសួរអស់រយៈពេលច្រើនម៉ោង ទើបសម្រេចដោះលែងលោកឧកញ៉ា លី សាយឃាង តែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ 

ក្នុងនោះយើងបានសង្កេតឃើញថា នៅពេលត្រូវបានដោះលែងឲ្យមានសេរី ភាពវិញ លោកឧកញ៉ា លី សាយឃាង ចេញផុតពីរបងតុលាការ ហាក់បីដូចជាខ្លាចម៉ាស៊ីនថតអ្នកកាសែត រេរាមិនចង់ឡើងរថយន្ត ហើយចង្អុលមុខអ្នកយកព័ត៌មាន ដែលក្នុងនោះក៏មានសាច់ញាតិ  រួមជាមួយសមត្ថកិច្ចបានជួយបិទបាំងផងដែរ ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖