វៀតណាមនៅតែមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ដដែល ក្នុងមួយថ្ងៃៗ បើទោះបីប្រទេសនេះបានបង្កើនសកម្មភាពចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនហើយក្តី។
មកទល់ពេលនេះវៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋសរុបជាង ៩៣,៩ លានដូស ក្នុងនោះពលរដ្ឋចាក់បានមួយដូសមានជាង ៦២,៨លានដូស និង ចាក់គ្រប់ចំនួនពីរដូសមានជាង៣១លានដូស។
ប៉ុន្តែទោះបីចាក់វ៉ាក់សាំងបានច្រើននៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ក៏ដោយ ប៉ុន្តែនៅមានករណីឆ្លងច្រើនដដែល ។ នៅថ្ងៃទី១០ខែវិច្ឆិកានេះវៀតណាម មានអ្នកឆ្លង ៧៩៣០ នាក់និងស្លាប់ ៧៩នាក់។
ករណីឆ្លងថ្មីៗខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងចំនួន១,៤១៤ករណី។ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ-១៩ ចំនួន៧៩នាក់បន្ថែមទៀតផងដែរ។
គិតត្រឹមយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៩៩២,៧៣៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៤៤,០៥៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២២,៧៦៥នាក់៕ដោយ៖ធីរីណា