ភ្នំពេញ ៖ នារីម្នាក់ជាអ្នកលក់អីវ៉ាន់តាមអនឡាញបានជិះម៉ូតូតាមដងផ្លូវត្រូវជនសង្ស័យមួយក្រុមមានគ្នាប្រមាណពី៧ទៅ ៨នាក់ បានធ្វេីសកម្មភាពឆក់យកកាបូបបានសម្រេច កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នារីរងគ្រោះមានឈ្មោះ ស្រីកា អាយុ២៣ឆ្នាំ មុខរបរ លក់អីវ៉ាន់តាមអនឡាញ ស្នាក់នៅអាផាតមិន EK ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមសម្ដីនារីរងគ្រោះបានប្រាប់ឱ្យដឹងថា នៅមុនពេលកេីតហេតុ គាត់បានធ្វើដំណើរពីចោមចៅក្នុងគោលបំណងទៅកន្លែងស្នាក់នៅវិញ លុះពេលជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមិនចាំម៉ាកបានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់ដែលថ្ពក់ក្រោមចង្កូតម៉ូតូបានសម្រេច ហើយក៏មានម៉ូតូ៤ទៅ៥គ្រឿងទៀតជិះពីក្រោយស្រែកហ៊ោកញ្ជ្រៀវពេញផ្លូវដោយមិនញញើតដល់សមត្ថកិច្ចបន្តិចសោះឡើយ ធ្វើឲ្យខ្លួនគាត់ភិតភ័យយ៉ាងខ្លាំង ទោះបីខំស្រែកឱ្យគេជួយក៏គ្មានអ្នកណាគេជួយដេញតាមក្រុមជនសង្ស័យទាំងនោះដែរ ធ្វេីឲ្យក្រុមជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង ។
នារីរងគ្រោះបានបញ្ជាក់ទៀតថា សម្ភារដែលបាត់បង់នៅក្នុងកាបូបស្ពាយនោះមានលុយដុល្លារចំនួន៦០០ដុល្លារ ទូរស័ព្ទស៊េរីទំនើប២គ្រឿង និងសម្ភារមានតម្លៃមួយចំនួនទៀត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ បានត្រឹមតែដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ទាំងក្ដីអស់សង្ឃឹមប៉ុណ្ណោះ ៕
ដោយ ៖ ភារ៉ា ដង្កោ