ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកគូទរថយន្តដែលកំពុងឈប់ចាំភ្លើងស្តុបយ៉ាងពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចភ្លើងស្តុបវត្តស្លែង ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ស្រ៊ាង ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំកន្លែងកេីតហេតុ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាក ហុីយ៉ាន់ដាយ ដឹកទំនិញមួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8098 បើកតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពី
កេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុខាងលេីក៏ឈប់ចាំភ្លើងពណ៌ខៀវ ។ ភ្លាមៗនោះស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក Suzuki Viva ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-7736 ជិះដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនស្របទិសគ្នាដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តពីក្រោយពេញទំហឹង បណ្ដាលឱ្យដួលម៉ូតូបោកនឹងថ្នល់ បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានឃាត់តៃកុងរថយន្តខាងលេីបញ្ចូនទៅកាន់ប៉ុស្ដិ៍រដ្ឋបាលពងទឹក និងធ្វេីការឆែករកមេីលអត្តសញ្ញាណប័ណ្ណ និងសម្ភារមានតម្លៃរបស់សពជនរងគ្រោះក៏ប្រទះឃេីញមានសារធាតុញៀន១កញ្ចប់ធំល្មមជាប់នឹងខ្លួន រួចក៏យកទៅរក្សាទុកឱ្យសមត្ថកិច្ចជំនាញចាត់ការបន្ត ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ។
ដោយឡែកសពជនរងគ្រោះខាងលេី ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុរួច ប្រគល់ទៅខាងរថយន្តសាមុយ ដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ