ខេត្តប៉ៃលិន៖ មនុស្សប្រុសស្រី៥នាក់បានរងរបួសធ្ងន់ម្នាក់និងស្រាល៤នាក់ ដោយសារអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីមបើកឆ្លងកាត់ផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងទៀតបើកបុកពេញទំហឹងបណ្ដាលឱ្យដួលលើផ្លូវជាតិលេខ៥៧រងរបួសរដូករណែល។ ក្រោយមកត្រួវបាននគរបាលប៉ុស្ថិ៍ឃុំស្ទឹងកាច់ចុះមកវាស់វែង រួចជនរងគ្រោះត្រូវបានបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
តាមមន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង១៨ និង៥៧នាទីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១រវាងម៉ូតូនឹងម៉ូតូ ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
នគរបាលជំនាញប៉ុស្តិ៍ស្ទឹងកាច់បានបន្តថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឱ្យខូចខាតម៉ូតូចំនួន០២គ្រឿងកម្រិតធ្ងន់១និងស្រាល១ រីឯអ្នករងរបួសចំនួន០៥នាក់ ម្នាក់បានរងរបួសធ្ងន់និង៤នាក់របួសស្រាល។
អ្នកបើកបរម៉ូតូឈ្មោះ ដម រីវិន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បេីកបរម៉ូតូម៉ាកឌ្រីមស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខប៉ៃលិន 1C-7892 គ្មានមួកសុវត្ថិភាព បេីកបរ ក្នុងទិសដៅពីកើតទៅលិចបណ្តាលឱ្យរងរបួសធ្ងន់។
អ្នករួមដំណើរជាមួយមានគ្នា០២នាក់៖
ទី១-ឈ្មោះ បុស ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអូតាពុកក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងបួសជើងឆ្វេងស្រាល។
ទី២-ឈ្មោះ វឌ្ឍនា ភេទប្រុស អាយុ ១៧ឆ្នាំ រងរបួសដៃខាងឆ្វេងស្រាល។
ភាគីរងគ្រោះ អ្នកបើកបរម៉ូតូឈ្មោះ ស្រីនាង ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅរស់នៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បេីកបរម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 1E-8788 គ្មានមួកសុវត្ថិភាព បេីកបរក្នុងទិសស្របផ្លូវពីកើតទៅលិច រងរបួសធ្ងន់(បាក់ឆ្អឹងដងកាំបិត)។
– អ្នករួមដំណើរឈ្មោះ សៀវ ពិសី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស ទីលំនៅរស់នៅ ភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសក្បាលជង្គង់ខាងឆ្វេងស្រាល។
បើតាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានបន្តទៀតថា មូលហេតុនៃគ្រោះថ្នាក់នេះបណ្ដាលមកពី៖
កត្តាមនុស្សខ្វះការប្រុងប្រយ័ត្ត (ភាគីអ្នកបើកបរម៉ូតូឌ្រីមបានបើកឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យភាគីម៉ូតូមួយទៀតបានទៅបុកពេញទំហឹង។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រីឯវត្ថុតាងម៉ូតូទាំង០២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕
ដោយ៖ស សារ៉េត