ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ! សូមផ្ដល់ជូនអនុសាសន៍ចំនួន ៦ចំណុច ដែលកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ អាចយកទៅពិចារណា

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ! សូមផ្ដល់ជូនអនុសាសន៍មួយចំនួន ដែលកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ អាចយកទៅពិចារណា នៅក្នុងសន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ដោយសម្តេចតេជោមានប្រសាសន៍ថា, 

ទី១៖ជំងឺកូវីដ-១៩ នឹងបន្តបង្អាក់ប្រតិបត្តិការដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ក្នុងរយៈពេល វែងខាងមុខ ។ ដូចនេះ រដ្ឋមន្ដ្រីដឹកជញ្ជូនអាស៊ាន គួរបន្តតាមដាន និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ លើ ដំណើរការនៃការអនុវត្តផែនការសកម្មភាព ក្រោមក្របខណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់ អាស៊ាន ដោយសង្កត់ធ្ងន់លើការពង្រឹងការតភ្ជាប់ក្នុងតំបន់ ដើម្បីពង្រឹងសក្តានុពលនៃទីផ្សារអាស៊ាន និងភាពធន់សង្គម-សេដ្ឋកិច្ច ។ ក្នុងន័យនេះ, ការជំរុញការដឹកជញ្ជូនឆ្លងដែនរវាងបណ្តាប្រទេសជា សមាជិកអាស៊ាន ប្រកបដោយភាពរលូន និងរហ័សទាន់ចិត្ត នឹងចូលរួមលើកស្ទួយខ្សែច្រវាក់ផលិតកម្ម ក្នុងតំបន់ ប្រកបដោយភាពរឹងមាំ និងនិរន្តភាព ។

ទី២៖ អាស៊ានត្រូវបន្តជំរុញធ្វើសកម្មភាពបន្ថែមទៀត ក្នុងគ្រប់ផ្នែកទាំងអស់នៃវិស័យដឹកជញ្ជូន ដើម្បីសម្រេចឱ្យបានជោគជ័យនូវការអនុវត្តផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ រួមទាំងសកម្មភាពអាទិភាពនៃការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិរបស់ផែនការនេះ ដែលជា ឆ្អឹងខ្នងនៃចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៥ ។

ទី៣៖ អាស៊ានត្រូវខិតខំពន្លឿនការចុះហត្ថលេខា និងដាក់ឱ្យអនុវត្តឱ្យបានឆាប់រហ័សនូវកិច្ចព្រម ព្រៀងទូលំទូលាយ ស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-សហភាពអឺរ៉ុប (AE-CATA) កិច្ចព្រមព្រៀង សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-នូវែលសេឡង់ (ANZ-ASA) និងកិច្ចព្រមព្រៀងសេវាកម្ម ដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-កូរ៉េ (AK-ASA) ជាដើម ។ កិច្ចព្រមព្រៀងទាំងនេះ ជាមូលដ្ឋានគ្រឹះ ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសង្គម-សេដ្ឋកិច្ច និងជាស្ពានតភ្ជាប់អាស៊ានទៅពិភពលោក ។

ទី៤៖ អាស៊ានត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ បន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ, ស្វែងរកមូលនិធិ និងជំនួយបច្ចេកទេស ព្រមទាំង ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត នៅក្នុងតំបន់អាស៊ាន ។ ខ្ញុំសូមបញ្ជាក់ជូន អង្គពិធីផងដែរថា ក្រោយពីកម្ពុជាបានចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិ ខ្ញុំសង្ឃឹមថា កម្ពុជា នឹងអាចទទួលបាន និងចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងល្អៗ ជាមួយសមាជិកដទៃទៀត សម្រាប់ជាទុនមួយក្នុងដំណើរអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់អាស៊ានទាំងមូល ។

ទី៥៖ វិស័យដឹកជញ្ជូនបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីដ ប្រមាណ ២០ ភាគរយ ដែលជា ប្រភពចម្បងមួយនៃការប្រែប្រួលអាកាសធាតុ ។ ក្នុងន័យនេះ, ខ្ញុំសូមស្នើឱ្យអាស៊ាន បន្តអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ និងលើកទឹកចិត្តចំពោះការបើ ប្រាស់យានយន្តដែលមានមេត្រីភាពបរិស្ថាន ព្រមទាំងជំរុញសមាហរណកម្ម ការធ្វើផែនការប្រើប្រាស់ ដីធ្លី និងផ្លូវថ្នល់ ដើម្បីដោះស្រាយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីការប្រើប្រាស់ថាមពល, ការកកស្ទះចរាចរ, ឧស្ម័ន, ផ្ទះកញ្ចក់ និងសារធាតុបំពុលផ្សេងៗទៀត ។ ការជំរុញអនុវត្តការងារទាំងនេះ នឹងចូលរួមកាត់បន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមកំហែងដល់ពិភពលោក យើងទាំងមូល ។

ទី៦៖ អាស៊ានត្រូវបន្តខិតខំដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែជាបញ្ហាប្រឈម ដ៏សំខាន់នៅក្នុងតំបន់អាស៊ាន និងពិភពលោក ពិសេសតាមរយៈការជំរុញការអនុវត្តនូវលិខិតុបករណ៍ គតិយុត្ត ដូចជា ៖ (១). សេចក្តីណែនាំស្តីពីការកែលម្អស្ដង់ដាររបាយការណ៍ សម្រាប់រាយការណ៍អំពី គ្រោះថ្នាក់ចរាចរណ៍ ដោយផ្អែកទៅលើស្តង់ដាររបាយការណ៍របស់អង្គការសហប្រជាជាតិ, (២). សេចក្តីប្រកាសព្រុយណេដារ៉ូសាឡាម ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ ២០២០ និងទិសដៅថ្មី ឆ្នាំ ២០៣០ ដែលកំណត់គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ យ៉ាងតិច ៥០% ពីឆ្នាំ ២០២១ ទៅឆ្នាំ ២០៣០ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖