ខេត្តស្វាយរៀង៖ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយដងទឹកពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ ប៉ុន្តែភ្លើងបានឆេះពេញក្រមុំទៅហើយ បន្ទាប់ពីម្ចាស់ផ្ទះមានសតិមិនប្រក្រតីបានដុតបំផ្លាញ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចភូមិដើមពោធិ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ម្ចាស់ផ្ទះដែលមានសតិមិនប្រក្រតីមានឈ្មោះ វង្ស សោភ័ណ្ឌ អាយុ៣៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តថា ចំពោះសម្ភារខូចខាតរួមមានផ្ទះទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីខូចខាត៥០ភាគរយគ្រែពូកនិងសម្ភារប្រើប្រាស់មួយចំនួនទៀត ខណៈដែលសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្រុកស្វាយទាបអស់ទឹកមួយរថយន្ត ហើយសំណាងដែរដែលមិនមានបង្កគ្រោះថ្នាក់ដល់អ្នកដទៃនោះ។
តាមអ្នកភូមិបានឱ្យដឹងថា បុរសជាម្ចាស់ផ្ទះនេះគឺមានសតិមិនប្រក្រតីយូរឆ្នាំមកហើយ ដោយពីមុនធ្លាប់សម្លាប់ខ្លួនជាច្រើនដង ប៉ុន្តែត្រូវបានអ្នកភូមិនិងក្រុមគ្រួសារជួយសង្គ្រោះទាន់ ស្រាប់តែលើកនេះដុតផ្ទះខ្លួនឯងតែម្ដង៕
ដោយ៖យឹម សុថាន