ភ្នំពេញ៖ នៅពេលដែលការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) តាមរយៈអនឡាញ (Online) ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កាន់តែខិតជិតចូលមកដល់ ក្រៅពីបានបំពេញការងារត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងហើយនោះ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋសភា ក៏បានដឹកនាំសហការីរៀបចំធ្វើពិធីក្រុងពាលីសែនព្រេន ដើម្បីសុំឲ្យដំណើរការរៀបចំកិច្ចប្រជុំ (ASEP11) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ មានដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។
សូមបញ្ជាក់ថា, ពិធីនេះបានរៀបចំធ្វើឡើងនៅវិមានរដ្ឋសភា ទៅតាមទំនៀមទំលាប់បែបបុរាណខ្មែរ ដោយមានការប្រគំភ្លេងប្រពៃណី និងគ្រឿងដង្វាយផ្សេងៗ ដើម្បីសុំឲ្យម្ចាស់ទឹកម្ចាស់ដី ក៏ដូចជាទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជួយឲ្យកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) មានដំណើរការល្អ ទទួលបានជោគជ័យ ដើម្បីជាកិត្តិយសសម្រាប់សភា ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ។
សូមជម្រាបថា សភាកម្ពុជាបានសម្រេច រៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) តាមរយៈអនឡាញ (Online) ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting) នៅទីតាំងវិមានរដ្ឋសភាផ្ទាល់តែម្ដង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលមានការចូលរួមពីប្រទេសជាសមាជិក ASEP នៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន៣១ប្រទេស និងអង្គការជាដៃគូចំនួន២ទៀត គឺសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន៕
ដោយ ៖ សិលា