មកទល់ពេលនេះមានពលរដ្ឋអុីស្រាអែលជាង៤លាននាក់ហើយក្នុងចំណោមពលរដ្ឋជាង៩,៥លាននាក់ដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាល់ដូសទីបី ឬដូសជំរុញ ។
ក្រសួងសុខាភិបាលអុីស្រាអែល បានប្រកាសថា មានពលរដ្ឋជាង ៤លាននាក់បានចាក់វ៉ាក់សាំងដូសទីបីនៅដើមខែវិច្ឆិកា ជាសញ្ញាមួយយ៉ាងល្អសម្រាប់ប្រទេសមួយនេះក្នុងការយកឈ្នះកូវីដ-១៩។ តាមតួលេខរបស់ក្រសួងសុខាភិបាលអុីស្រាអែល មានពលរដ្ឋជាង៤លាននាក់បានចាក់ដូសទីបី និងជាង ៥,៧លាននាក់បានចាក់គ្រប់ចំនួនពីរដូស។
កាលពីដើមខែសីហា អុីស្រាអែលបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលបានអនុម័តចាក់ដូសជំរុញ ឬដូសទីបីជូនពលរដ្ឋក្រោយប្រសិទ្ធភាពនៃវ៉ាក់សាំងបានថយចុះបន្ទាប់ពីចាក់ដូសទីពីរបាន៦ខែមក។ តាមការស្រាវជ្រាវរបស់អុីស្រាអែល ការចាក់ដូសទីបីមានប្រសិទ្ធភាពការពារជាង ៩២%។
នៅពេលនេះដែរ ប្រទេសជាច្រើននៅជុំវិញពិភពលោកបានសម្រេចចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីបីជូនពលរដ្ឋដើម្បីបង្កើនប្រសិទ្ធភាពការពារ ខណៈវ៉ាក់សាំងនឹងបាត់បង់ប្រសិទ្ធភាពក្រោយចាក់បាន៦ខែ។ ជាមួយគ្នានេះដែរ ករណីឆ្លងនៅលើពិភពលោកនៅតែខ្ពស់ដដែល ទាំងនោះហើយបានជាជំរុញឱ្យមានការចាក់ដូសទីបីទើបអាចទប់ស្កាត់បានយ៉ាងល្អ៕
ដោយ៖ធីរីណា(រូបថត៖TTXVN.VNA)