ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងបណ្ដាប៉ូលសេដ្ឋកិច្ចដែលមានកាលានុវត្តភាពសំខាន់ៗរបស់កម្ពុជា ខេត្តព្រះសីហនុជាតំបន់ដែលមានឧត្ដមភាពលេចធ្លោសម្រាប់ការអភិវឌ្ឍ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្នុងបណ្ដាប៉ូលសេដ្ឋកិច្ចដែលមានកាលានុវត្តភាពសំខាន់ៗរបស់កម្ពុជា ខេត្តព្រះសីហនុជាតំបន់ដែលមានឧត្ដមភាពលេចធ្លោសម្រាប់ការអភិវឌ្ឍ ដោយសារខេត្តព្រះសីហនុមានភូមិសាស្ត្រជាប់សមុទ្រ មានកំពង់ផែទឹកជ្រៅ មានអាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរណ៍ជាច្រើន។ នេះជាការថ្លែងរបស់លោក ឡុង ឌឺម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ 

លោកអភិបាលរងខេត្ត បានបន្តថា, ជាមួយនឹងកាលានុវត្តភាពនេះ ខេត្តព្រះសីហនុបានក្លាយជាខេត្តដែលបានទទួលការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចឲ្យមានការសិក្សា និងរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ 2015-2025។ 

ផែនការមេនេះគឺជាត្រីវិស័យក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ដើម្បីបម្រើឱ្យខ្សែច្រវ៉ាក់ផលលិតកម្មក្នុងតំបន់ សំដៅជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព។

ជាមួយនឹងកត្តាភូមិសាស្រ្ត និន្នាការវិវត្តន៍ថ្មីៗនៃសេដ្ឋកិច្ចសកល និងចរន្តបំលាស់ទីនៃប្រភេទឧស្សាហកម្មនៅក្នុងពិភពលោកមួយចំនួនមកកាន់តំបន់អាស៊ី ដែលបណ្ដាលមកពីសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចធំៗ ខេត្តព្រះសីហនុនឹងកាន់តែមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញ និងស្រូបយកវិនិយោគពីខាងក្រៅ និងអាចក្លាយទៅជាក្បាលម៉ាស៊ីន ឬជាក្បាលនាគជំរុញកំណើនសេដ្ឋកិច្ចជាតិយើង៕

ដោយ ៖ សិលា


ចែករំលែក៖