ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបងប្អូនបង្កើត២នាក់ព្រួតវាយសមត្ថកិច្ចបណ្ដាលឲ្យរបួស២នាក់យ៉ាងដំណំខណៈកំពុងបំពេញការងារ

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យជាបងប្អូនបង្កើត២នាក់ បានព្រួតគ្នាវាយសមត្ថកិច្ចជាមេប៉ុស្តិ៍ព្រែកដាច់ បណ្ដាលឲ្យបែកក្បាលដេរជាង១០ថ្នេរ និង មន្ត្រីប៉ុស្តិ៍ម្នាក់ទៀតឱ្យរងរបួស​យ៉ាងដំណំ​ ខណៈដែលសមត្ថកិច្ចកំពុងបំពេញការងារក្នុងមូលដ្ឋាន ។ ហេតុការណ៍នេះ​បានកើតឡើងកាលពីវេលាម៉ោង១៨ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចលើស្ពានព្រែកតំបាញ ក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។

    មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា​ជនរងគ្រោះ២នាក់ គឺ លោក ភន ភឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ និង លោក ឈិន តុលា ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរ ជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ ។ ចំណែកជនសង្ស័យមានគ្នា២នាក់ គឺ ឈ្មោះ លី រ៉ាវ៉ាន់ ភេទប្រុស អាយុ២២ ឆ្នាំ និង ឈ្មោះ លី រ៉ាវុធ ភេទប្រុស អាយុ២៩ឆ្នាំ ។

    ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ បានទៅហូបបាយនៅអាហារដ្ឋានខាងជើងព្រែកតំបាញ ។ ពេលកំពុងហូបបាយ ក៏មានប្រជាពលរដ្ឋរាយការណ៍តាមទូរស័ព្ទថា មានក្មេងៗមួយក្រុមឈរលើស្ពានឡូឡានិងមានកាយវិការមិនសមរម្យ ។ភ្លាមនោះជនរងគ្រោះ បានជិះម៉ូតូ ទៅមើល ។ លុះដល់ចំណុចលើស្ពានក៏បានឈប់ហើយប្រាប់ទៅក្រុមក្មេងៗនោះឱ្យទៅផ្ទះកុំប្រលែងគ្នាលើស្ពានក្រែងមានគ្រោះថ្នាក់ ហើយឈ្មោះ លី រ៉ាវ៉ាន់ បានស្រែកគំហ៊កមកលើជនរងគ្រោះ ។ ពេលនោះជនរងគ្រោះបានយកដំបងឆក់ចង្អុលឱ្យជនសង្ស័យដើរទៅផ្ទះ ។ពេលនោះ ឈ្មោះ លី រ៉ាវ៉ាន់ ក៏បានដើរទៅប្រាប់ ឈ្មោះ លី រ៉ាវុធ ដែលត្រូវជាបងប្រុសបង្តើត ថាមានគេរកវាយខ្លួន ។ ពេលនោះ ឈ្មោះលី រ៉ាវុធ បានដើរទៅហើយក៏បាននិយាយថាអ្នកណារកវាយប្អូនអញ ហើយក៏បានស្ទុះមកដណ្តើមដំបងឆក់ហើយបានវាយសំពងទៅលើក្បាលជនរងគ្រោះបណ្តាលឱ្យបែកក្បាល២កន្លែងដេរចំនួន១៥ថ្នេរ ។ចំណែកជនសង្ស័យជាប្អូនបានស្ទុះមកវាយទៅលើឈ្មោះឈិន តុលា ត្រូវចំកនិងទ្រូង ។ ក្រោយពីត្រូវរបួស ជនរងគ្រោះបានរាយការណ៍មកអធិការ ភ្លាមនោះលោកអធិការ បានបញ្ជាមកផ្នែកជំនាញនគបាលយុត្តិធម៌ឱ្យដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យទាំង២នាក់និងបញ្ជូនមកកាន់អធិការដ្ឋាន ធ្វើការសាកសួរ ។

    នៅចំពោះមុខ​សមត្ថកិច្ច​ ជនសង្ស័យឈ្មោះ លី រ៉ាវ៉ាន់ និង ឈ្មោះ លី រ៉ាវុធ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះពិតប្រាកដមែន ហើយជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលស្រុកលើកដែកដើម្បីបន្តនីតិវិធី ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖