ខេត្តពោធិ៍សាត់ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទទួលផែនការងារព្រហ្មទណ្ឌដែលដឹកនាំនិងបញ្ជាកងកម្លាំងដោយផ្ទាល់ បន្ទាប់ពីទទួលបទបញ្ជារបស់លោកឧមត្តសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជនសង្ស័យជាឃាតកដែលកាប់សម្លាប់លោកនាយសង្កាត់រដ្ឋបាលព្រៃឈើប្រមោយប្លន់យកទ្រព្យសម្បត្តិនោះបានហើយ ដោយបានដកហូតវត្ថុតាងម៉ូតូ១គ្រឿងទៀតផង ។
លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងបានបន្តទៀតថា ប្រតិបត្តិការបង្រ្កាបជនសង្ស័យករណីឃាតកម្មខាងលើ ធ្វើឡើងនៅវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃសៅរ៍ ៩កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រង់ចំណុចក្នុងបរិវេណ(វត្តកែវឧត្ដម)ហៅវត្តកណ្ដាល ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ទៀតថា ជនសង្ស័យជាឃាតកឈ្មោះ រឿន រ៉ូ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
លោកបញ្ជាក់បន្ថែមទៀតថា ជាបឋម កម្លាំងជំនាញរបស់លោកដកហូតវត្ថុតាងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-9761 ។ ចំណែកទូរស័ព្ទម៉ាកអាយហ្វូនចំនួន៣គ្រឿង និងចិញ្ចៀនពេជ្រ១វង់នោះ ជននេះប្រាប់ថាលក់ហើយ ។
គួររំលឹកថា ហេតុការណ៍ឃាតកម្មកាប់សម្លាប់ដោយប្រើកាំបិតកកុកជាអាវុធកាប់ចំនួន៧កាំបិតនោះ គឺជនរងគ្រោះជាមន្រ្តីរដ្ឋបាលព្រៃឈើ មានមុខងារជានាយសង្កាត់រដ្ឋបាលព្រៃឈើប្រមោយឈ្មោះ សេង វិសាល ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ដើម្បីប្លន់យកទ្រព្យសម្បត្តិ(ម៉ូតូ ចិញ្ចៀនពេជ្រ និងទូរស័ព្ទ)ខាងលើ គឺបានបង្កឡើងកាលពីវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ៕
ដោយ៖ បុឹម ពិន