ភ្នំពេញ៖ អ្នកនាំពាក្យត្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹង ផល់មតិជាតិ និងអន្តរជាតិ ឲ្យបានជ្រាបថា ថ្មីៗបំផុតនេះ ក្រសួងរតនាគារអាមេរិកបាន បង្ហាញ អំពីចរិតក្រអឺតក្រទមសាជាថ្មីទៀត តាមរយៈការប្រកាសជាឯកតោភាគី ដាក់ ទណ្ឌកម្មមកលើនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ នៅក្រោម ហេតុផល គ្មានមូលដ្ឋាន។ ក្រសួងការពារជាតិចាត់ទុកទង្វើនេះជាកាយវិការខ្វះវិចារណញាណ និងមានលក្ខណៈជាការបង្ករឿងឥតឈប់ឈរ។ ជាច្រើនលើកច្រើនគ្រាហើយ ដែលអាមេរិក ព្យាយាមបំផ្លាញ“ នូវសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា មិនខុសពីអំពើពាលា យង់ឃ្នង ដែលប្រទេសមហាអំណាចមួយនេះ បានធ្វើមកលើប្រទេសកម្ពុជា និងប្រទេស ផ្សេងៗទៀត ស្ទើរពាសពេញពិភពលោក ឲ្យទទួលរងភាពហិនហោចខ្លោចផ្សា ទាំងនៅក្នុង អតីតកាល ក៏ដូចជាក្នុងពេលបច្ចុប្បន្ន។
អាមេរិកនៅតែយកបញ្ហានៃការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ជាលេសសម្រាប់ ធ្វើការកៀបសង្កត់ ទោះបីជាកម្ពុជាខិតខំបង្ហាញ អំពីភាពស្មោះត្រង់ សម្បទាន សុចរិត និង ស្មារតីរក្សាមិត្តភាព យ៉ាងណាក៏ដោយ។ សម្រាប់បណ្តាមូលដ្ឋានរាមនេះ ក្រសួងការពារជាតិ បានបកស្រាយ ជាច្រើនលើកច្រើនសា ស្ទើរតែគ្រប់រូបភាព ដើម្បីបញ្ជាក់ថា អធិបតេយ្យ របស់ខ្លួន កំពុងត្រូវបានការពារយ៉ាងដាច់ខាត ហើយ ការធ្វើទំនើបកម្មនេះទៀតសោត ពុំ មែនជា ការគម្រាមកំហែងដល់សន្តិសុខរបស់ប្រទេសណាមួយ ដូចការចោទប្រកាន់ទាំង នោះ ទាល់តែសោះ។ ក្រសួងការពារជាតិ និងកងយោធពល ខេមរភូមិន្ទ តែងតែបង្ហាញនូវសុឆន្ទៈ គោរពអធិបតេយ្យរបស់ប្រទេសដទៃ ដោយចាត់ទុកថា គឺជាការគោរពផល ប្រយោជន៍គ្នាទៅវិញទៅមក និងមិនចង់ឲ្យមានអរិភាព រវាងគ្នា។ ផ្ទុយទៅវិញ អាមេរិកតែងតែបំពានមកលើកម្ពុជាជានិច្ចកាល ដើម្បីតែផលប្រយោជន៍របស់ខ្លួន និងការកេងចំណេញ នៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ។
ក្រសួងការពារជាតិសូមធ្វើការប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើអមិត្តរបស់ អាមេរិក ហើយចាត់ទុកថា ការប៉ុនប៉ងប្រកបដោយមហិច្ឆតាឈ្នានីស និងទម្លាប់រំលោភលើ អធិបតេយ្យរបស់អ្នកដៃទនេះ និងមិនបានទទួល ជោគជ័យ ជាដាច់ខាត នៅក្នុងការធ្វើឲ្យកម្ពុជាត្រឡប់ទៅរកសោកនាដកម្ម ដែលបង្កឡើងដោយការជ្រៀតជ្រែតពីខាងក្រៅសារជា ថ្មីទៀតនោះឡើយ ។ ទោះក្នុងតម្លៃណាក៏ដោយ យើងប្រកាន់ជំហររឹងមាំ នៅក្នុងការ ការពារផលប្រយោជន៍របស់កម្ពុជា និងខិតខំកសាងទំនាក់ទំនងល្អ មួយ បណ្តាមិត្ត ភ័ក្ត្រទាំងឡាយ ដែលប្រកាន់យកសុឆន្ទៈ គោរពផលប្រយោជន៍គ្នាទៅវិញទៅមកៗ៕
ដោយ៖ សុខ ខេមរា